មេដឹកនាំសំឡេងភាគច្រើននៃព្រឹទ្ធសភាអាមេរិក លោក ឆាក់ ស៊ូមឺ (Chuck Schumer) បានអំពាវនាវកាលពីថ្ងៃព្រហស្បតិ៍ (១៤ មីនា) ឱ្យមានការបោះឆ្នោតថ្មីនៅក្នុងប្រទេសអ៊ីស្រាអែល ដោយបានរិះគន់យ៉ាងចាស់ដៃលើលោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ថាជាឧបសគ្គចំពោះសន្តិភាព។

លោកព្រឹទ្ធសភាបក្សប្រជាធិបតេយ្យ ស៊ូមឺ ដែលជាអ្នកគាំទ្រអ៊ីស្រាអែលជាយូរមកហើយ និងជាមន្ត្រីជាប់ឆ្នោតជនជាតិជ្វីហ្វលំដាប់ខ្ពស់បំផុតរបស់សហរដ្ឋអាមេរិក បានប្រាប់ព្រឹទ្ធសភាថា រដ្ឋាភិបាលរបស់លោក ណេតាន់យ៉ាហ៊ូ «លែងសាកសមនឹងតម្រូវការរបស់អ៊ីស្រាអែលទៀតហើយ» រយៈពេលប្រាំខែនៅក្នុងសង្រ្គាមដែលបានចាប់ផ្តើមជាមួយនឹងការវាយប្រហារលើអ៊ីស្រាអែល ដោយពួកសកម្មប្រយុទ្ធហាម៉ាសកាលពីថ្ងៃ០៧ តុលា។

លោក ស៊ូមឺ បាននិយាយថា នេះនឹងក្លាយជា «កំហុសដ៏ធ្ងន់ធ្ងរបំផុត» សម្រាប់អ៊ីស្រាអែល ក្នុងការបដិសេធដំណោះស្រាយរដ្ឋពីរ ហើយបានជំរុញឱ្យក្រុមអ្នកចរចាក្នុងជម្លោះអ៊ីស្រាអែល-ហ្កាហ្សា ធ្វើគ្រប់យ៉ាងដែលអាចធ្វើទៅបានដើម្បីទទួលបានបទឈប់បាញ់ ដោះលែងចំណាប់ថ្នូរ និងទទួលបានជំនួយចូលទៅក្នុងតំបន់សង្រ្គាមហ្កាហ្សា។

លោក ស៊ូមឺ និងសមាជិកគណបក្សប្រជាធិបតេយ្យឈានមុខគេផ្សេងទៀត រួមទាំងប្រធានាធិបតី ចូ បៃដិន (Joe Biden) កំពុងប្រឈមមុខនឹងការរិះគន់យ៉ាងខ្លាំងពីក្នុងបក្ស ជុំវិញការគាំទ្រដោយឥតលក្ខខណ្ឌរបស់ក្រុងវ៉ាស៊ីនតោនចំពោះអ៊ីស្រាអែល ដែលផ្តល់ផលប៉ះពាល់ដល់ជនស៊ីវិលប៉ាឡេស្ទីនពីការវាយលុករបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សា៕