ប្រមុខមន្ត្រីជំនួយមនុស្សធម៌របស់សហភាពអឺរ៉ុប បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១៤ មីនា) ថាខ្លួនមិនបានមើលឃើញភស្តុតាងណាមួយពីអ៊ីស្រាអែល ដើម្បីគាំទ្រការចោទប្រកាន់របស់ខ្លួនប្រឆាំងនឹងបុគ្គលិកមកពីទីភ្នាក់ងារជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) នោះទេ ហើយទីភ្នាក់ងារនេះគួរតែបន្តដើរតួ «សំខាន់» នៅក្នុងតំបន់ហ្កាហ្សា។

ទីភ្នាក់ងារ UNRWA ដែលផ្តល់ជំនួយ និងសេវាកម្មដល់ជនភៀសខ្លួនប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា និងទូទាំងតំបន់ជិតបូព៌ា បានជួបវិបត្តិចាប់តាំងពីអ៊ីស្រាអែលបានចោទប្រកាន់បុគ្គលិករបស់ខ្លួនរាប់សិបនាក់ថា មានជាប់ពាក់ព័ន្ធក្នុងការវាយប្រហាររបស់ក្រុមហាម៉ាស កាលពីថ្ងៃទី០៧ តុលា ប្រឆាំងនឹងអ៊ីស្រាអែល។

លោក យ៉ាណេស លីណាឆីក (Janez Lenarcic) ប្រធានផ្នែកជំនួយមនុស្សធម៌ និងការគ្រប់គ្រងវិបត្តិនៅគណៈកម្មការអឺរ៉ុប បាននិយាយថា ទាំងរូបលោក ឬបើតាមចំណេះដឹងរបស់លោក មិនមាននរណាម្នាក់នៅតំណែងនាយកប្រតិបត្តិសហភាពអឺរ៉ុប ឬម្ចាស់ជំនួយរបស់ទីភ្នាក់ងារ UNRWA ផ្សេងទៀត ទទួលបានការបង្ហាញភ័ស្តុតាងពីអ៊ីស្រាអែលនោះទេ។

ការចោទប្រកាន់នេះបានជំរុញឱ្យម្ចាស់ជំនួយដ៏ធំបំផុតរបស់ទីភ្នាក់ងារជំនួយប៉ាឡេស្ទីន UNRWA គឺសហរដ្ឋអាមេរិក និងអ្នកមួយចំនួនទៀតផ្អាកការផ្តល់មូលនិធិ ដោយធ្វើឱ្យអនាគតរបស់ទីភ្នាក់ងារនេះស្ថិតក្នុងភាពស្រពិចស្រពិល។ ប្រធានផ្នែកជំនួយមនុស្សធម៌រូបនេះបន្ថែមថា ទំនួលខុសត្រូវបុគ្គលនឹងមានសណ្តាប់ធ្នាប់ជាជាងយុត្តិធម៌សង្ខេប ហើយទីភ្នាក់ងារ ដែលមិនមានស្ថាប័នណាអាច «ជំនួសបាន» មួយនេះ នឹងត្រូវបានស្នើសុំឱ្យជម្រះពីរការចោទប្រកាន់ និងបន្តប្រតិបត្តិការរបស់ខ្លួនវិញ៕