រដ្ឋអាជ្ញា ក្នុងសំណុំរឿងប្រាក់បំបិទមាត់របស់ លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ថា ពួកគេនឹងមិនប្រឆាំងការពន្យារពេលរយៈពេល ៣០ ថ្ងៃក្នុងការជម្រះក្តី ដែលកំណត់ពេលចាប់ផ្តើម នៅថ្ងៃទី ២៥ ខែមីនា បន្ទាប់ពីបេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋរូបនេះ បាននិយាយថា ការបង្ហាញភស្តុតាងយឺតយ៉ាវ ធ្វើឱ្យប៉ះពាល់ដល់ការត្រៀមខ្លួនរបស់លោក។

ការពន្យាពេលចំពោះការជម្រះក្តីបទព្រហ្មទណ្ឌមិនធ្លាប់មានលើកដំបូងរបស់អតីតប្រធានាធិបតីសហរដ្ឋអាមេរិក នឹងកំណត់ជ័យជម្នះមួយផ្សេងទៀតសម្រាប់ លោក Trump ដែលបានព្យាយាមពន្យឺតដំណើរការនីតិវិធី នៅក្នុងការជាប់ពាក់ព័ន្ធផ្លូវច្បាប់ផ្សេងៗរបស់លោក ខណៈលោកត្រៀមខ្លួនដើម្បីប្រកួតប្រជែងជាមួយប្រធានាធិបតីគណបក្សប្រជាធិបតេយ្យ លោក Joe Biden ក្នុងការបោះឆ្នោត នៅថ្ងៃទី ៥ ខែវិច្ឆិកា។

សំណុំរឿងផ្តល់ប្រាក់បំបិទមាត់នៅក្នុងតុលាការ រដ្ឋញូវយ៉ក ទីក្រុង Manhattan នឹងក្លាយជាសំណុំរឿងព្រហ្មទណ្ឌដំបូងក្នុងចំណោមសំណុំរឿងព្រហ្មទណ្ឌចំនួន៤ករណីរបស់លោក Trump ដែលឈានដល់ការជម្រះក្តី។
លោក Trump បានផ្តល់ចម្លើយពីភាពគ្មានទោសក្នុងសំណុំរឿងនៅរដ្ឋញូវយ៉ក ចំពោះករណីចំនួន ៣៤ នៃការក្លែងបន្លំឯកសារអាជីវកម្ម ដើម្បីលាក់បាំងការបង់ប្រាក់ចំនួន ១៣០.០០០ ដុល្លាររបស់អតីតមេធាវីរបស់លោក លោក Michael Cohen ដល់តារាភាពយន្តអាសអាភាស នាង ស្តមី ដេនញែល(Stormy Daniels) សម្រាប់ការបំបិទមាត់នាង នៅមុនការបោះឆ្នោតឆ្នាំ ២០១៦ អំពីការជួបប្រាស្រ័យទាក់ទងផ្លូវភេទ ដែលនាងនិយាយថាមានរយៈពេលមួយទសវត្សរ៍មកហើយ។ ប៉ុន្តែ លោក Trump បានបដិសេធការជួបនេះ។
មេធាវីរបស់លោក បានអះអាងថា លោក Cohen បានបង់ប្រាក់ឱ្យនាង Daniels ដើម្បីទុកភាពអាម៉ាស់ក្នុងគ្រួសាររបស់លោក Trump ពុំមែនដើម្បីបង្កើនឱកាសបោះឆ្នោតរបស់លោក ដូចដែលរដ្ឋអាជ្ញានៅក្នុងការិយាល័យមេធាវីទីក្រុង Manhattan លោកអាល់វីន ប្រាក(Alvin Bragg) បានចោទប្រកាន់នោះទេ។