បណ្តាមូលដ្ឋានអាជីវកម្មទេសចរណ៍មានដូចជា ក្លឹបរំាង្គសាល បៀរហ្គាឌិន ផ្ទះសំណាក់ សណ្ឋាគារជាដើម បានប្រកាសការពារអាជីវកម្មខ្លួន បុគ្គលិក និងគ្រប់អតិថិជនខ្លួន មិនពាក់ព័ន្ធគ្រឿងញៀន ហើយករណីមានពលរដ្ឋ និងអតិថិជនខ្លួនបានប្រើប្រាស់ ជួញដូរគ្រឿងញៀន គឺនឹងរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ច ដើម្បីជំរុញការបង្រ្កាបផង និងធ្វើឲ្យអាជីវកម្មឲ្យរួចផុតពីការទទួលទោសនៅចំពោះមុខច្បាប់ផង។

ម្ចាស់អាជីវកម្ម និងតំណាងម្ចាស់អាជីវកម្មទេសចរណ៍នានា នៅរាជធានីភ្នំពេញ បានថ្លែងប្រាប់BTV នៅថ្ងៃទី១៥ ខែមីនានេះថា នៅពេលនេះ ស្ទើរគ្រប់មូលដ្ឋានអាជីវកម្មទេសចរណ៍ គឺបានទទួលការផ្សព្វផ្សាយ និងណែនាំរួចហើយ អំពីវិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀននៅក្នុងរាជធានីភ្នំពេញ ក៏ដូចនៅទូទាំងប្រទេសរួចហើយ តាមរយៈការផ្សព្វផ្សាយនេះ នៅមូលដ្ឋានអាជីវកម្ម នឹងអនុវត្តវិធានការមួយចំនួន ដូចជា ការណែនាំ បិទស្លាកហាមប្រើប្រាស់គ្រឿងញៀន និងធ្វើការត្រួតពិនិត្យផង ណែនាំផ្ទាល់មាត់ផងជូនទៅដល់បណ្តាបុគ្គលិកខ្លួន និងអតិថិជន ចូលក្នុងមូលដ្ឋានអាជីវកម្ម ដើម្បីការពារអាជីវកម្មរបស់ខ្លួន មិនឲ្យពាក់ព័ន្ធការប្រើប្រាស់ និងការជួញដូរគ្រឿងញៀន។

ឯកឧត្តម ម៉ម វាសនា ក្នុងនាមប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញថ្លែងថា មកដល់បច្ចុប្បន្ននេះ មន្ទីរបានចុះផ្សព្វផ្សាយច្បាប់ទេសចរណ៍ និងច្បាប់ ប្រឆាំងគ្រឿងញៀន ជូនដល់បណ្តាម្ចាស់មូលដ្ឋានអាជីវកម្មទេសចរណ៍បានចំនួនបីខ័ណ្ឌរួចហើយ ហើយមន្ទីរ នឹងចុះផ្សព្វផ្សាយបន្តឲ្យបានគ្រប់ខ័ណ្ឌទាំងអស់ក្នុងរាជធានីភ្នំពេញ ដើម្បីឲ្យមូលដ្ឋានអាជីវកម្មទាំងអស់នោះ រួចផុតពីការប្រឈម និងការទទួលទោស នៅចំពោះមុខច្បាប់។
ដើម្បីការពារអាជីវកម្មទេសចរណ៍មិនឲ្យពាក់ព័ន្ធបញ្ហាគ្រឿងញៀន ឯកឧត្តម ម៉ម វាសនា បានស្នើគ្រប់មូលដ្ឋានអាជីវកម្មទាំងអស់ ត្រូវអនុវត្តវិធានការមួយចំនួន ដូចជា ៖ ទី១ ត្រូវបានបិទស្លាក ស្ទិចឃ័រហាមប្រើប្រាស់ ជួញដូរគ្រឿងញៀន ក្នុងមូលដ្ឋានអាជីវកម្មខ្លួន ទី២ តាមKTV ខាអូខេ រាំង្គសាល ក្លឹប បៀរហ្គាឌិនជាដើម ត្រូវបានចាក់ផ្សាយសារ ឬចាក់ស្ពតវីដេអូ ហាមប្រើប្រាស់ និងជួញដូរគ្រឿងញៀន ទី៣ ត្រូវរាយការណ៍បន្ទាន់ទៅអាជ្ញាធរមានសមត្ថកិច្ច ដើម្បីឲ្យមូលដ្ឋានអាជីវកម្មខ្លួនរួចផុតពីការពាក់ព័ន្ធគ្រឿងញៀន និងឲ្យសមត្ថកិច្ចចុះបង្រ្កាបឃាត់ខ្លួនជនល្មើសទាន់ពេលវេលា៕ អត្ថបទ៖ ស៊ុម សុខជា
