សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានចាត់ទុកលទ្ធផលផលនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤នេះ គឺបានប្រព្រឹត្តទៅប្រកបដោយភាពចាស់ទុំ និងលទ្ធិប្រជាធិបតេយ្យ ដែលនេះបានបង្ហាញយ៉ាងច្បាស់ពីកត្តាសុខសន្ដិភាពរបស់ប្រទេសកម្ពុជា។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាន៍បញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ នៅវិមានសន្តិភាព។
សម្តេចធិបតី ថ្លែងថា ការបោះឆ្នោតព្រឹទ្ធសភា នីតិកាលទី៥ ដែលបានប្រព្រឹត្តទៅដោយ ជោគជ័យកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយមានគណបក្ស ៤ ចូលរួមប្រកួតប្រជែង និងមានអង្គបោះឆ្នោតចូលរួម រហូតដល់ ៩៩,៨៦%។
សម្តេចធិបតីបន្តថា លទ្ធផលនៃការបោះឆ្នោតព្រឹទ្ធសភា បានបង្ហាញពីភាពចាស់ទុំផ្នែក នយោបាយ និងវឌ្ឍនភាពនៃការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានវាយតម្លៃខ្ពស់ និងអរគុណដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ជាពិសេស គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ដែលបានសហការចូលរួម និងញ៉ាំងឱ្យព្រឹត្តិការណ៍ជាតិដ៏សំខាន់នេះប្រព្រឹត្តទៅដោយរលូន សេរី យុត្តិធម៌ អហិង្សា ត្រឹមត្រូវនិងតម្លាភាព៕




