ក្រសួងសុខាភិបាលតំបន់ហ្កាហ្សា បាននិយាយថា ពលរដ្ឋប៉ាឡេស្ទីនយ៉ាងហោចណាស់២៩នាក់បានស្លាប់ ខណៈកំពុងរង់ចាំជំនួយ ក្នុងការវាយប្រហាររបស់អ៊ីស្រាអែល២លើកដាច់ដោយឡែកពីគ្នា នៅក្នុងតំបន់ហ្កាហ្សា កាលពីថ្ងៃព្រហស្បតិ៍។

នៅក្នុងឧបទ្ទវហេតុដំបូង មន្ត្រីសុខាភិបាលប៉ាឡេស្ទីន នៅក្នុងតំបន់ហ្កាហ្សា គ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយថា មនុស្ស៨នាក់បានស្លាប់ ក្នុងការវាយប្រហារតាមអាកាស ទៅលើមជ្ឈមណ្ឌលចែកចាយជំនួយ ក្នុងជំរំអាល់នូសេរ៉ាត(Al-Nuseirat) នៅតំបន់ហ្កាហ្សាភាគកណ្តាល។ បន្ទាប់មកទៀត មនុស្សយ៉ាងហោចណាស់ ២១ នាក់ បានស្លាប់ និងជាង១៥០នាក់ បានរងរបួស ដោយការបាញ់រះរបស់អ៊ីស្រាអែល លើហ្វូងមនុស្ស ដែលកំពុងរង់ចាំរថយន្តដឹកជំនួយ នៅរង្វង់មូលតំបន់ហ្កាហ្សាភាគខាងជើង។

ការកើនឡើងចំនួនជនស៊ីវិលដែលកំពុងរង់ចាំជំនួយនៅតំបន់ហ្កាហ្សាស្ទ្រីប កំពុងក្លាយជាជនរងគ្រោះចំពោះប្រតិបត្តិការយោធារបស់អ៊ីស្រាអែល។ អាជ្ញាធរសុខាភិបាលតំបន់ហ្កាហ្សា បាននិយាយថា កុមារចំនួន ២៧នាក់ បានស្លាប់ដោយសារកង្វះអាហារូបត្ថម្ភ នៅភាគខាងជើងតំបន់ហ្កាហ្សា។ មានការអំពាវនាវកាន់តែខ្លាំងឡើងពីសហគមន៍អន្តរជាតិ ដើម្បីធ្វើឲ្យប្រសើរស្ថានភាពមនុស្សធម៌នៅក្នុងតំបន់ហ៊ុមព័ទ្ធមួយនេះ ខណៈមានកង្វះអាហារកាន់តែធ្ងន់ធ្ងរ។
រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប លោក សាម៉េ ស៊ូគ្រី (Sameh Shoukry) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ថា ត្រូវការបទឈប់បាញ់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ហើយការដឹកជញ្ជូនជំនួយទៅកាន់តំបន់ហ្កាហ្សាត្រូវតែបង្កើន ប៉ុន្តែអ៊ីស្រាអែល កំពុងធ្វើឲ្យបញ្ហានេះស្មុគស្មាញ។
សភាអឺរ៉ុប បានអនុម័តសេចក្តីសម្រេចមួយដោយជំរុញឱ្យប្រទេសអ៊ីស្រាអែល បើកច្រកឆ្លងកាត់ទាំងអស់ទៅកាន់តំបន់ហ្កាហ្សា សម្រាប់ជំនួយមនុស្សធម៌។
អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Matthew Miller បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា សហរដ្ឋអាមេរិក ចង់ឃើញអ៊ីស្រាអែលមានចំណាត់ការដើម្បីកាត់បន្ថយចំនួនជនស៊ីវិលស្លាប់។ លោក ក៏បានជំរុញឱ្យអ៊ីស្រាអែល មានចំណាត់ការដើម្បីធានាបានថា ជំនួយត្រូវបានចែកចាយដោយប្រសិទ្ធភាព ដល់ជនស៊ីវិលប៉ាឡេស្ទីន។