ប្រតិបត្តិករបាននិយាយ ខណៈបញ្ជាក់ថាវិធានការនេះ ជាការប្រុងប្រយ័ត្នជាមុន ថា ការបញ្ចេញសំណល់ទឹកចេញពីរោងចក្រថាមពលនុយក្លេអ៊ែរហ្វ៊ូគូស៊ីម៉ា ដ៏ចម្រូងចម្រាសរបស់ប្រទេសជប៉ុន ត្រូវបានពន្យាពេលនៅថ្ងៃសុក្រទី១៥ខែមីនាសប្ដាហ៍នេះ ក្រោយការរញ្ជួយដី។

ទីភ្នាក់ងារឧតុនិយមជប៉ុននិយាយថា នៅម៉ោង១២និង១៤នាទីព្រឹកថ្ងៃសុក្រសប្ដាហ៍នេះ ការរញ្ជួយកម្រិត៥,៨រ៉ិចទ័រ បានអង្រួនតំបន់ឆ្នេរភាគឦសានតំបន់រោងចក្រហ្វ៊ូគូស៊ីម៉ា ដែលរងការផ្លិចបំផ្លាញដោយរលកយក្សស៊ូណាមិឆ្នាំ២០១១ ។
ក្រុមហ៊ុនថាមពលអគ្គិសនីតូក្យូ (TEPCO) បាននិយាយនៅលើបណ្ដាញសង្គម X ដោយសំដៅដល់ដំណើរការបញ្ចេញសំណល់ទឹកមានសារធាតុនុយក្លេអ៊ែរថា យើងធ្លាប់បានបញ្ជាក់ហើយថា ពុំមានការខុសពីធម្មតាអ្វីទេ លើការបញ្ចេញសំណល់ទឹកដែលបានធ្វើប្រព្រឹត្តិកម្ម ឬពង្រាវ រួច។

ប៉ុន្តែផ្អែកលើសុវត្ថិភាព យើងបានផ្អាកប្រតិបត្តិការនៅទីតាំងនានាស្របតាមនិតិវិធីប្រតិបត្តិការបង្កាrជាមុន ។
អាជ្ញាធរនិយ័តករជប៉ុន ក៏បាននិយាយផងដែរភ្លាមៗបន្ទាប់ពីរញ្ជួយដីថា គ្មានភាពខុសប្រក្រតីណាមួយត្រូវបានរកឃើញនៅរោងចក្រហ្វ៊ូគូស៊ីម៉ា ដៃអ៊ីឈិ ឬរោងចក្រថាមពលហ្វ៊ូគូស៊ីម៉ា ដៃនី របស់ខ្លួននោះទេ។
ក្រុមហ៊ុន TEPCO បានចាប់ផ្ដើមការបញ្ចេញសំណល់ទឹកមានសារធាតុវិទ្យសកម្មចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក កាលពីខែសីហា ឆ្នាំមុន៕