សមាជិកសភារ៉ូម៉ានីម្នាក់ បាននិយាយថា សមាជិកសភាក្នុងសភាអឺរ៉ុបកាលពីថ្ងៃព្រហស្បតិ៍ បានអនុម័តសេចក្តីសម្រេចដែលមិនជាប់កាតព្វកិច្ច ដោយបញ្ជាក់ថា រុស្ស៊ីគួរតែប្រគល់មាស និងវត្ថុបេតិកភណ្ឌដ៏មានតម្លៃផ្សេងទៀតដែលត្រូវបានបញ្ជូនទៅទីក្រុងមូស្គូក្នុងអំឡុងសង្គ្រាមលោកលើកទី១ ឲ្យទៅប្រទេសរ៉ូម៉ានី ដើម្បីរក្សាសុវត្ថិភាព។
ក្នុងអំឡុងសង្គ្រាមលោកលើកទី១ ព្រះរាជាណាចក្ររ៉ូម៉ានី បានបញ្ជូនកាក់មាសចំនួន ៩១.៥តោនតាមផ្លូវដែកទៅកាន់ទីក្រុងមូស្គូ រួមជាមួយនឹងគ្រឿងអលង្ការ និងសម្បត្តិវប្បធម៌ដូចជាស្នាដៃសិល្បៈជាដើម។ នៅក្នុងសង្រ្គាម រូម៉ានីបានចូលភាគីជាមួយរុស្ស៊ី អង់គ្លេស និងបារាំង ប្រឆាំងនឹងអាល្លឺម៉ង់ ចក្រភពអូទ្រីស-ហុងគ្រី និងចក្រភពអូតូម៉ង់។

មាសទាំងនោះ ត្រូវបានរឹបអូស បន្ទាប់ពីក្រុមឆ្លេងនិយម បានដណ្តើមអំណាច នៅក្នុងប្រទេសរុស្ស៊ីក្នុងឆ្នាំ ១៩១៧។ ប៉ុន្មានឆ្នាំក្រោយមក កិច្ចខិតខំប្រឹងប្រែងរបស់រ៉ូម៉ានី ដើម្បីយកមាសមកវិញ គឺគ្មានប្រសិទ្ធ ភាព។ វត្ថុវប្បធម៌មួយចំនួន ត្រូវបានប្រគល់មកវិញដោយអាជ្ញាធរសូវៀតក្នុងឆ្នាំ ១៩៣៥ និង ១៩៥៦ ប៉ុន្តែមិនមែនមាសទេ។
នៅឆ្នាំ២០០៣ គណៈកម្មការចម្រុះមួយ ត្រូវបានបង្កើតឡើងរវាងរ៉ូម៉ានី និងរុស្ស៊ី ដើម្បីកែលម្អទំនាក់ទំនងទ្វេភាគី ហើយក៏ធ្វើការលើបញ្ហាមាសផងដែរ។

កាលពីថ្ងៃព្រហស្បតិ៍ សភាអឺរ៉ុប បានអនុម័តសេចក្តីសម្រេចនេះ ដែលស្នើឡើងដោយសមាជិកសភារ៉ូម៉ានី លោក អឺហ្គែន ថូម៉ាក (Eugen Tomac) ដែលមានការគាំទ្រពីធនាគារជាតិនៃរូម៉ានី ដោយកំណត់ថា ទីក្រុងមូស្គូ គួរតែប្រគល់មាសនោះមកវិញ។
លោកថូម៉ាក បានសាទរការបោះឆ្នោតនេះថា ជាការបោះឆ្នោតជាប្រវត្តិសាស្ត្រ និងជារឿងសេចក្តីថ្លៃថ្នូររបស់ជាតិ ក្នុងការបង្ហោះនៅលើFacebook។ លោកបាននិយាយថា៖«ប្រទេសរ៉ូម៉ានី មិនអាចទទួលយកអ្វីដែលមិនតិចជាងការប្រគល់មាសចំនួន ៩១.៥ តោន និងសម្បត្តិវប្បធម៌ទាំងអស់មកវិញ។