រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី ផេននី វ័ង (Penny Wong) បាននិយាយនៅថ្ងៃសុក្រ (១៥ មីនា) នេះថាប្រទេសអូស្ត្រាលី នឹងបន្តផ្តល់មូលនិធិដល់ទីភ្នាក់ងារសង្គ្រោះប៉ាឡេស្ទីនដ៏សំខាន់របស់អង្គការសហប្រជាជាតិ ពោលគឺជិតពីរខែបន្ទាប់ពីខ្លួនបានផ្អាក ជុំវិញការចោទប្រកាន់ថាបុគ្គលិកមួយចំនួនរបស់ទីភ្នាក់ងារនេះបានចូលរួមក្នុងការវាយប្រហាររបស់ពួកហាម៉ាស នៅថ្ងៃទី០៧ ខែតុលា។

លោកស្រី វ័ង បាននិយាយថា អូស្ត្រាលីបានពិគ្រោះយោបល់ជាមួយទីភ្នាក់ងារជំនួយ និងការងារសម្រាប់ប៉ាឡេស្ទីន UNRWA និងប្រទេសម្ចាស់ជំនួយផ្សេងទៀត ហើយពួកគេពេញចិត្តនឹងបន្តនេះ ហើយទឹកប្រាក់ចំនួន ៦ លានដុល្លារអូស្ត្រាលី (៣,៩ លានដុល្លារ) នៅក្នុងការផ្អាកមូលនិធិនឹងត្រូវបញ្ចេញភ្លាមៗ។

រដ្ឋាភិបាលអូស្រ្តាលី នឹងផ្តល់មូលនិធិបន្ថែមចំនួន ៤ លានដុល្លារដល់អង្គការយូនីសេហ្វ និង ២ លានដុល្លារដល់យន្តការថ្មីរបស់អង្គការសហប្រជាជាតិ ដើម្បីផ្តល់ជំនួយទៅកាន់តំបន់ហ្កាហ្សា ដែលនាំមកនូវជំនួយមនុស្សធម៌សរុបរបស់ប្រទេសអូស្ត្រាលី ចាប់តាំងពីវិបត្តិបានចាប់ផ្តើម មានរហូតដល់ទៅ ៥២,៥ លានដុល្លារ។

អូស្ត្រាលី រួមជាមួយនឹងប្រទេសជាច្រើនទៀត បានផ្អាកការផ្តល់មូលនិធិដល់ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននៅតំបន់ជិតបូព៌ា (UNRWA) ក្នុងខែមករា បន្ទាប់ពីអ៊ីស្រាអែលបានចោទប្រកាន់បុគ្គលិក ១២ ក្នុងចំណោមបុគ្គលិក ១៣.០០០ នៅហ្កាហ្សា ថាបានចូលរួមក្នុងការសម្លាប់ដ៏បង្ហូរឈាមនៃការវាយប្រហាររបស់ក្រុមហាម៉ាស កាលពីថ្ងៃទី០៧ តុលា៕