ប្រេស៊ីល៖ បាតុកររាប់ពាន់នាក់បានដើរក្បួននៅទីក្រុង Sao Paulo និងទីក្រុង Rio de Janeiro ដើម្បីទាមទារឱ្យប្រធានាធិបតីលោក Jair Bolsonaro លាលែងពីតំណែងពីបទចោទប្រកាន់អំពើពុករលួយ ហើយអ្វីដែលពួកគេនិយាយគឺការមិនដោះស្រាយត្រឹមត្រូវ ចំពោះវីរុសរាតត្បាត COVID-19។

ក្រុមអ្នកតវ៉ាបានកាន់ផ្ទាំងបដាដែលមានសរសេរថា អំពើពុករលួយ និងអំពើប្រល័យពូជសាសន៍នៅពេលពួកគេប្រមូលផ្តុំគ្នានៅកណ្ដាលទីក្រុង Sao Paulo។ នៅទីក្រុង Rio ការប៉ះទង្គិចគ្នាទ្រង់ទ្រាយតូចៗបានផ្ទុះឡើងរវាងនគរបាល និងបាតុករមួយចំនួនបណ្ដាលឱ្យមានការបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកហ្វូងមនុស្ស។ លោក Bolsonaro កំពុងរងសម្ពាធកាន់តែខ្លាំងឡើងពីការស្ទង់មតិ និងការស៊ើបអង្កេតរបស់ព្រឹទ្ធសភា ដែលចោទប្រកាន់ពីបទពុករលួយទាក់ទងនឹងការទិញវ៉ាក់សាំង។ មនុស្សជាច្រើននៅក្នុងការប្រមូលផ្តុំគ្នានិយាយថា លោកប្រធានាធិបតីត្រូវដាក់កំហុស ចំពោះការស្លាប់របស់ប្រជាជនប្រេស៊ីលជាង ៥៣ម៉ឺននាក់ ចាប់តាំងពីចុះបញ្ជីវីរុសរាតត្បាតនៅក្នុងប្រទេសកាលពីឆ្នាំមុន៕
អត្ថបទ៖ ប៊ុនថន