សហគមន៍មូស្លីមនៅប្រទេសនូវែលហ្សេឡង់ នៅថ្ងៃសុក្រ ទី១៥ ខែមីនានេះ បានរំលឹកខួប៥ឆ្នាំ នៃការបាញ់ប្រហារនៅទីក្រុង Christchurch ដែលបានបណ្តាលឱ្យអ្នកបួងសួងមូស្លីមចំនួន ៥១ នាក់ស្លាប់កាលពីឆ្នាំ ២០១៩ ជាការបាញ់ប្រហារទ្រង់ទ្រាយធំអាក្រក់បំផុតរបស់ប្រទេស រហូតមកដល់បច្ចុប្បន្ននេះ។

ក្រុមអ្នកបួងសួងនៅទីក្រុង Christchurch បានមកជួបជុំគ្នានៅវិហារឥស្លាម Al Noor ជាកន្លែងដែលការវាយប្រហារមួយបានកើតឡើង ដោយបានដាក់គ្រឿងគោរពបូជាផ្កា នៅទីពិធីរំលឹក និងបានបួងសួង។
ប្រដាប់ដោយអាវុធពាក់កណ្តាលស្វ័យប្រវត្តិសមត្ថភាពខ្ពស់ លោក Brenton Tarrant បានបាញ់សម្លាប់មនុស្ស ៥១ នាក់ និងបណ្តាលឲ្យរាប់សិបនាក់ផ្សេងទៀតរងរបួស ខណៈលោកបានបាញ់ប្រហារនៅក្នុងវិហារអ៊ីស្លាមចំនួនពីរកន្លែង កាលពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០១៩ នៅទីក្រុង Christchurch ។

លោក Tarrant បានផ្សាយបង្ហាញពីការរើសអើងជាតិសាសន៍ភ្លាមៗមុនពេលការបាញ់ប្រហារ ហើយបានបង្ហោះការបាញ់រះនេះនៅលើបណ្តាញសង្គម Facebook ។
ក្រោយមក នាយករដ្ឋមន្ត្រី លោកស្រី Jacinda Ardern បានណែនាំច្បាប់គ្រប់គ្រងកាំភ្លើងថ្មីភ្លាមៗ និងបានចាប់ផ្តើមចលនាជាសកលមួយ ដើម្បីលុបបំបាត់ភាពស្អប់ខ្ពើមតាមបណ្តាញអ៊ីនធឺណិត ក្នុងការឆ្លើយតប ដែលត្រូវបានសាទរថាជាគំរូមួយសម្រាប់មេដឹកនាំផ្សេងទៀត។