សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ថ្លែងថា ការលើកកម្ពស់ស្ត្រី និងក្មេងស្រីមានសារៈសំខាន់ក្នុងការពន្លឿនការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម។

ថ្លែងក្នុងឱកាសអញ្ជើញអបអរសាទរខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨មីនា ក្រោមមូលបទ ស្រ្តី និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី មានប្រសាសន៍ថា រយៈពេលជាងពីរទស្សវត៍ចុងក្រោយនេះតាមរយៈនយោបាយឈ្នះ ឈ្នះ ដែលមានសម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិកសន្តិភាព រហូតរក្សាបានសន្តិសុខ សណ្តាប់ធ្នាប់សង្គម សុវត្ថិភាព ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច ដែលជាបុរេលក្ខខណ្ឌមិនអាចខ្វះបាន និងជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់កិច្ចអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យទៅអនាគត។

សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី មានប្រសាសន៍ទៀតថា បច្ចុប្បន្ន បច្ចេកវិទ្យា ឌីជីថល បានបោះជំហានយ៉ាងលឿន និងបានក្លាយជាកត្តាគន្លឹះក្នុងការតភ្ជាប់សង្រ្គាម និង សេដ្ឋកិច្ចនៅទូទាំងពិភពលោកឲ្យកាន់តែជិតស្និទ្ធគ្នា និងពឹងពាក់គ្នាទៅវិញទៅមក។ ជាក់ស្តែង មូលបទ “ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល” សម្រាប់យុទ្ធនាការអបអរសាទរ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤ គឺក្នុងគោលបំណងរំលេចអំពីសក្តានុពល និងភាពចាំបាច់ នៃការលើកកម្ពស់ការចូលរួម និងភាពជាតំណាងរបស់ស្ត្រី និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព។

សម្តេចប្រធានរដ្ឋសភា បញ្ជាក់ថា មូលបទនេះបានឆ្លើយតបទៅនឹងបរិបទនៃការវិវត្តរបស់សង្គមនៅក្នុងយុគសម័យឌីជីថល និងស្របតាមចក្ខុវិស័យដែលមាននៅក្នុងយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និងក្របខណ្ឌគោលនយោបាយក្នុងការ លើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រី។

សម្តេចប្រធានរដ្ឋសភា បញ្ជាក់ថា ការលើកកម្ពស់តួនាទីរបស់ស្ត្រី និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល ពិតជាចាំបាច់ និងមានសារៈសំខាន់ក្នុងការពន្លឿនកិច្ចអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមប្រកបដោយបរិយាបន្ន ដោយសារពេលស្ត្រី និងក្មេងស្រីមានចំណេះដឹង និងសមត្ថភាពនៅក្នុងសេដ្ឋកិច្ច និងសង្គមឌីជីថលនឹងផ្តល់នូវមធ្យោបាយថ្មីៗសម្រាប់ស្ត្រី និងក្មេងស្រីក្នុងការអនុវត្តសិទ្ធិ ការលើក កម្ពស់ឋានៈ តួនាទី ការទទួលបានកាលានុវត្តភាព និងជម្រើសនានា នៅក្នុងការរស់នៅ និង លើកកម្ពស់ស្ថានភាពសេដ្ឋកិច្ច-សង្គមរបស់ខ្លួន និងគ្រួសារ រួមទាំងទទួលបានលទ្ធភាព កាន់តែទូលំទូលាយ សម្រាប់ការសិក្សាអប់រំ ការអភិវឌ្ឍជំនាញវិជ្ជាជីវៈ ការប្រកបមុខរបរ ការងារ និងអាជីវកម្មផ្សេងៗជាដើម។

សម្តេចប្រធានរដ្ឋសភា បញ្ជាក់ទៀតថា នៅក្នុងក្របខណ្ឌ គោលនយោបាយសេដ្ឋកិច្ចសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ រាជរដ្ឋាភិបាល បានផ្តោតលើការកសាងសសរស្ដម្ភចំនួន ៣សំខាន់គឺ ពលរដ្ឋឌីជីថល រដ្ឋាភិបាលឌីជីថល និងធុរកិច្ចឌីជីថល។

នាឱកាសនោះដែរ សម្តេចប្រធានរដ្ឋសភា លើកឡើងថា ការធ្វើបរិវត្តកម្មឌីជីថល សំដៅលើការធ្វើសមាហរណកម្មបច្ចេកវិទ្យាឌីជីថល ទៅក្នុងគ្រប់ទិដ្ឋភាព ធុរកិច្ច សេដ្ឋកិច្ច និងសង្គម សំដៅផ្លាស់ប្តូរការងារ តាមបែបប្រពៃណី និងមិនសូវមាននវានុវត្តន៍ ទៅជាប្រព័ន្ធស្វ័យប្រវត្តកម្ម ដោយមិនគ្រាន់តែបង្កើនប្រសិទ្ធភាពការងារ ថែមទាំងផ្តល់ឱកាសឲ្យមាននវានុវត្តថ្មីៗ ក្នុងការសម្របសម្រួលដល់ការធ្វើធុរកិច្ច និងការរស់នៅរបស់សង្គមជាតិជំនាន់ថ្មី ខណៈរាជរដ្ឋាភិបាល ក៏បានបង្កើនកម្មវិធីគាំទ្រការចូលរួមរបស់ស្ត្រីក្នុងវិស័យឌីជីថល តាមគ្រប់រូបភាព និងគ្រប់មធ្យោបាយ ។

យ៉ាងណាមិញ សម្តេចប្រធានរដ្ឋសភា លើកឡើងបន្ថែមថា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងតាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលមានបាវចនាចំនួន ៥គឺ៖ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយកំណត់យកអាទិភាពគន្លឹះចំនួន ៥គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ ក្នុងនោះរាជរដ្ឋាភិបាលបានចាត់ទុកស្រ្តីក្នុងបច្ចេកវិទ្យាឌីជីថល ជាកាតាលិករថ្មី ដ៏មានសារៈសំខាន់ដែលមានសក្តានុពល និងកាលានុវត្តភាព ក្នុងការជំរុញផលិតភាព សេដ្ឋកិច្ច និងសង្គម ក៏ដូចប្រសិទ្ធភាពនៃការងាររដ្ឋបាលដែលផ្តោតលើការផ្តល់សេវាគ្រប់ប្រភេទ មានលក្ខណៈងាយស្រួល ឆាប់រហ័ស និងកាន់តែខិតជិតប្រជាពលរដ្ឋ៕ អត្ថបទ៖ សេក ឧត្តម



