មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សហការជាមួយអង្គការវីតាល់លីងអន្តរជាតិ នៃប្រទេសកូរ៉េ នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤នេះ បានរៀបចំសិក្ខាសាលាស្តីពី ការផ្សាំសរីរាង្គ ក្រោមប្រធានបទ "ដំណើរឆ្ពោះទៅរកការផ្តល់សេវាផ្សាំតម្រងនោម"។

លោកវេជ្ជបណ្ឌិត ចាន់ វិចិត្រ នាយករងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត លើកឡើងថា រដ្ឋាភិបាល អាណត្តិទី៧ បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការកែលម្អការថែទាំសុខភាព និងការលើកកម្ពស់ការរស់នៅប្រកបដោយសុខភាពល្អក្នុងចំណោមប្រជាជន។ លោកបន្តថា ការប្តូរតម្រងនោម គឺជាអាទិភាពសំខាន់ នៃការថែទាំសុខភាព ដែលអាចធ្វើឲ្យប្រសើរឡើងនូវគុណភាពជីវិត សម្រាប់អ្នកដែលមានជំងឺតម្រងនោមរ៉ាំរ៉ៃ។

លោកស្រីសាស្ត្រាចារ្យ Curie Ahn(គូរៀន អាន់) នាយកក្រុមហ៊ុន VitalLink International បានមានប្រសាសន៍ថា ថ្ងៃនេះលោកស្រីសាស្រ្តាចារ្យ រួមនិងគណៈប្រតិភូ បានចុះមកពិនិត្យ សិក្សាស្វែងយល់ពីដំណើរការរបស់មនី្ទរពេទ្យ រួមនិងក្នុងប្រទេសកម្ពុជា ក្នុងបំណងធ្វើកិច្ចសហប្រតិបតិ្តការ ដើម្បីជួយដល់ក្រុមគ្រូពេទ្យកម្ពុជាទាំងការងារបណ្តុះបណ្តាល និងចែករំលែកនូវបទពិសោធន៍ ក្នុងការផ្សាំតម្រងនោម។

ឯកឧត្តមសាស្ត្រាចារ្យ ងី ម៉េង នាយកមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ថ្លែងថា សិក្ខាសាលានេះនឹងក្លាយជាសញ្ញានៃការអភិវឌ្ឍន៍ និងការច្នៃប្រឌិតថ្មីនៃផ្លូវថ្មីសម្រាប់អ្នកជំងឺតម្រងនោមរ៉ាំរ៉ៃ (CKD) នៅក្នុងប្រទេសរបស់យើង។ ចំណុចសំខាន់នៃសិក្ខាសាលាគឺការប្រមូលផ្តុំវាគ្មិនជាតិ និងអន្តរជាតិដ៏ល្អឥតខ្ចោះលើប្រធានបទចំនួន 8 រួមទាំងវាគ្មិនមកពីប្រទេសកូរ៉េ និងការចូលរួមរបស់វេជ្ជបណ្ឌិតចំនួន១៥០នាក់ មកពីមន្ទីរពេទ្យជាតិកម្ពុជា។

ឯកឧត្តមនាយកមន្ទីរពេទ្យ សង្ឃឹមថាសិក្ខាសាលានេះនឹងផ្តល់នូវចំណេះដឹង និងគោលគំនិតថ្មីៗ ដែលនឹងត្រូវបានចែករំលែកក្នុងចំណោមអ្នកចូលរួម ដើម្បីចាប់ផ្តើមគិតអំពីការព្យាបាលនេះ។ និយាយដោយឡែកនៅឆ្នាំ ២០២៣ មានអ្នកជំងឺក្រៅចំនួន ៤៧៤,២០៥ នាក់ បានទៅទទួលសេវានៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ក្នុងឱកាសនោះ ឯកឧត្តមនាយកមន្ទីរពេទ្យបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម សាស្ត្រាចារ្យ រដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្រសួងសុខាភិបាល ដែលតែងតែគាំទ្រមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត៕ អត្ថបទ រដ្ឋា



