ក្លឹបអ្នកកាសែតកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ នេះ បានដឹកនាំ អ្នកសារព័ត៌មានចំនួន២៨ ស្ថាប័នឆ្ពោះទៅកាន់ខេត្តសៀមរាប ដើម្បីចូលរួម «បេសកកម្មព័ត៌មាន ដើម្បី ផ្សព្វផ្សាយទ្រង់ទ្រាញធំពីសក្ដានុពល ទេសចរណ៍ខេត្តសៀមរាប»។

បេសកម្មនេះមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមីនា ដែលមានអ្នកសារព័ត៌មាន ២៨ ស្ថាប័ន មានអ្នកសារព័ត៌មាន ខ្មែរ ចិន និងវៀតណាម នឹងចុះតាមមូលដ្ឋានគោលដៅទេចរណ៍នានា ទីតាំងសិប្បកម្ម ដែលកែច្នៃដោយផ្ទាល់ដៃរបស់ប្រជាពលរដ្ឋ។

ក្លឹបអ្នកកាសែតកម្ពុជា រំពឹងថា បេសកកម្មលើកនេះ មិនគ្រាន់តែជាយុទ្ធនាការផ្សព្វផ្សាយដ៏ទូលាយ ដែលមិនធ្លាប់មានពីមុនមកលើវិស័យទេសចរណ៍នោះទេ ប៉ុន្តែអ្វីដែលទទួលបាននោះគឺសក្តានុពលទេសចរណ៍ប្លែកៗ និងថ្មីៗថែមទៀតនៅលើទឹកដីខេត្តសៀមរាប នឹងត្រូវបានរំលេចនៅលើទំព័រសារព័ត៌មានរាប់សិបស្ថាប័ន និងច្រើនភាសា ហើយនឹងចែកចាយយ៉ាងទូលាយទាំងក្នុង និងក្រៅប្រទេសដែលអាចរួមចំណែកយ៉ាងសំខាន់ដល់ការស្រូបយកភ្ញៀវទេសចរជាតិ និងអន្តរជាតិបន្ថែមទៀត។

តាមគម្រោងទីតាំងប្រហែល២០នៅក្នុងទឹកដីខេត្តសៀមរាប រួមមាន ទាំងដំណើរទេសចរណ៍តាមឡាន Jeep, អាកាសយានដ្ឋានថ្មី, សួនត្រី, ដំណើរទេសចរណ៍ ដោយជិះកន្រ្តក់វិល និងរទេះគោក្នុងតំបន់អង្គរ, ភូមិផលិតស្ករត្នោត នំបញ្ចុក នំក្រឡាន និងភូមិបណ្តែតទឹកកំពង់ភ្លុក នឹង ត្រូវបានសម្រឹតសម្រាំងយកមកផ្សព្វផ្សាយ តាមបណ្ដាញព័ត៌មានជាតិ និងអន្តរជាតិ ដែលត្រូវបានអញ្ជើញចូលរួមនៅក្នុង «បេសកកម្មព័ត៌មាន ដើម្បីផ្សព្វផ្សាយទ្រង់ទ្រាញធំពី សក្ដានុពលទេសចរណ៍ ខេត្តសៀមរាប» នេះនាពេលនេះផងដែរ៕





