
ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោក ចូសេប បូរ៉ែល (Josep Borrell) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១៤ មីនា) បន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងវ៉ាស៊ីនតោន ថាការធានានូវការគាំទ្រថ្មីសម្រាប់អ៊ុយក្រែន មិនអាចរង់ចាំបានទេ ព្រោះលទ្ធផលនៃសង្គ្រាមនៅអ៊ុយក្រែន នឹងត្រូវបានសម្រេចនៅនិទាឃរដូវ និងរដូវក្តៅនេះហើយ។
ស្របពេលមានមន្ទិលសង្ស័យលើការបន្តផ្តល់ជំនួយយោធារបស់សហរដ្ឋអាមេរិកដល់ទីក្រុងគីវ លោក បូរ៉ែល បានប្រាប់អ្នកយកព័ត៌មានថា ការផ្ញើសាររបស់លោកសម្រាប់អ្នកបង្កើតគោលនយោបាយរបស់សហរដ្ឋអាមេរិកគឺថា «អ្វីក៏ដោយដែលត្រូវធ្វើ គឺត្រូវតែធ្វើឱ្យលឿន»។
លោកបានបន្ថែមថា «ប៉ុន្មានខែបន្ទាប់នេះនឹងមានការសម្រេចលើសង្រ្គាមអ៊ុយក្រែន។ អ្នកវិភាគជាច្រើនរំពឹងថានឹងមានការវាយលុករបស់រុស្ស៊ីដ៏ធំមួយនៅរដូវក្តៅនេះ ហើយអ៊ុយក្រែនមិនអាចរង់ចាំរហូតដល់លទ្ធផលនៃការបោះឆ្នោតអាមេរិកទេ»។
ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) ដែលជាសមាជិកបក្សប្រជាធិបតេយ្យបានគាំទ្រជំនួយយោធាដល់អ៊ុយក្រែនចាប់តាំងពីការឈ្លានពានពេញលេញរបស់រុស្ស៊ីក្នុងឆ្នាំ២០២២មក ខណៈពេលដែលគូប្រជែងគណបក្សសាធារណរដ្ឋរបស់លោកនៅក្នុងការបោះឆ្នោតនៅសហរដ្ឋអាមេរិក នៅថ្ងៃទី០៥ វិច្ឆិកា ខាងមុខនេះ ដែលទំនងជាលោកអតីតប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) មានជំហរងាកចេញពីអ៊ុយក្រែន៕