
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅប្រទេសចិន បាននិយាយនៅថ្ងៃសុក្រ (១៥ មីនា) នេះថា ជំហររបស់ទីក្រុងប៉េកាំង លើការហាមឃាត់កម្មវិធីវីដេអូខ្លី ទីកតុក (TikTok) ដ៏មានសក្តានុពលនៅក្នុងសហរដ្ឋអាមេរិក គឺជារឿង «គួរឱ្យអស់សំណើចបំផុត» ដោយសារបក្សកុម្មុយនិស្តដែលកំពុងកាន់អំណាចរបស់ចិនមួយនេះ តែងតែប្រើអំណាចគ្រប់គ្រងវេទិកាអនឡាញនៅតាមព្រំដែនរបស់ខ្លួន។
សភាតំណាងរាស្រ្តអាមេរិក បានអនុម័តយ៉ាងលើសលប់លើសេចក្ដីស្នើច្បាប់មួយកាលពីថ្ងៃពុធ ដែលនឹងបង្ខំឱ្យកម្មវិធីវីដេអូខ្លីដ៏ពេញនិយមមួយនេះបំបែកខ្លួនជាមួយក្រុមហ៊ុនមេរបស់ចិន បើមិនដូច្នេះទេនឹងប្រឈមនឹងការហាមឃាត់ទូទាំងប្រទេស។
ប្រទេសចិនបានរិះគន់យ៉ាងខ្លាំងចំពោះការអនុម័តនេះ ដោយបានថ្កោលទោសនូវអ្វីដែលខ្លួនហៅថា «ចិត្តគំនិតចោរ» របស់ទីក្រុងវ៉ាស៊ីនតោន និងបានចោទប្រកាន់សមាជិកសភាថា «គាបសង្កត់ក្រុមហ៊ុនបរទេសដោយអយុត្តិធម៌»។
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅចិន លោក នីខូឡាស ប៊ឺនស៍ (Nicholas Burns) បានបន្ថែមថា ជំហររបស់ទីក្រុងប៉េកាំងមិនសមហេតុផលទេ ដោយសារខ្លួនឯងផ្ទាល់ក៏បានរារាំងគេហទំព័រលោកខាងលិចជាច្រើនពីប្រតិបត្តិការនៅក្នុងប្រទេសចិនដែរ។
រដ្ឋាភិបាលលោកខាងលិចមួយចំនួនបានសម្តែងការព្រួយបារម្ភអំពីកំណើនប្រជាប្រិយភាពរបស់ TikTok ដោយចោទប្រកាន់ថាកម្មវិធីកម្សាន្តវីដេអូមួយនេះថាស្ថិតក្រោមការគ្រប់គ្រងរបស់ទីក្រុងប៉េកាំង ប៉ុន្តែ TikTok តែងតែបដិសេធរហូតមក៕