ភ្នំពេញ ៖ អតីតយុទ្ធជន លើកឡើងថា សម្តេចតេជោ ហ៊ុន សែន ជាវីរជនតែម្នាក់ដែលមិនបំភ្លេចគុណបំណាច់របស់អតីយុទ្ធជនពលី ខណៈតាមរយៈសមាគមអតីតយុទ្ធជនកម្ពុជាបានផ្តល់ដី និងផ្ទះជាបន្តបន្ទាប់។
ថ្លែងប្រាប់BTV នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ម្សិលមិញ បន្ទាប់ពីចូលរួមក្នុងពិធីសំណេះសំណាល និងចែកនូវអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ជូនអតីតយុទ្ធជនចំនួន៦០គ្រួសារក្នុងខេត្តកំពង់ឆ្នាំងក្រោមអធិបតីភាពឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា មានអតីតយុទ្ធជន ជាច្រើនបានបង្ហាញការពេញចិត្ត និងគាំទ្រជានិច្ចចំពោះការយកចិត្តទុកដាក់របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ក៏ដូចជាសម្តេចធិបតីនាយករដ្ឋមន្រ្តី ដែលនៅតែគិតពីសុខទុក្ខរបស់ពួកគាត់ជានិច្ច។
ក្នុងនោះ អតីតយុទ្ធជន លើកឡើងថា ការយកចិត្តទុកដាក់របស់សម្តេចតេជោ ហ៊ុន សែន បង្ហាញថា ការពលី និងគុណបំណាច់របស់អតីតយុទ្ធជនត្រូវបានរាជរដ្ឋាភិបាលមិនបោះបង់ហើយបន្តជួយជ្រោមជ្រែងជារៀងរហូត។
នាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានរំលឹកពីគុណសម្បត្តិរបស់អតីតយុទ្ធជនគ្រប់រូបក្នុងបុព្វហេតុជាតិមាតុភូមិពេលជួបភ្លើងសង្គ្រាមផ្ទៃក្នុង។ នាយឧត្តមសេនីយ៍ បានអះអាងថា អតីតយុទ្ធជនគ្រប់រូប គឺសុទ្ធតែបានសាងគុណបំណាច់យ៉ាងធំធេងក្នុងបុព្វហេតុជាតិមាតុភូមិពោលគឺសមិទ្ធផលដែលកម្ពុជាមាននាពេលបច្ចុប្បន្នមិនអាចកាត់ផ្តាច់បានពីការលះបង់របស់អតីតយុទ្ធជនកាលពីអតីតកាលនោះទេ។
ដើម្បីជាការតបស្នងចំពោះគុណបំណាច់របស់អតីតយុទ្ធជន រាជរដ្ឋាភិបាលកម្ពុជា តាមរយៈសមាគមអតីតយុទ្ធជនកម្ពុជា តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះការរស់នៅរបស់អតីតយុទ្ធជន ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ជូននូវគោលនយោបាយជាច្រើនដើម្បីរួមចំណែកលើកកម្ពស់ជីវភាពរបស់អតីតយុទ្ធជនគ្រប់រូបឱ្យកាន់តែល្អប្រសើរ។
លើសពីនេះ ក្នុងអាណត្តិដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានណែនាំដល់សមាគមអតីតយុទ្ធជន និងក្រសួងពាក់ព័ន្ធ សហការអនុវត្តផែនការនៃគម្រោងផ្តល់ដី និងផ្ទះចំនួន២ពាន់ខ្នង ធ្វើយ៉ាងណាសម្រេចឱ្យបានក្នុងអាណត្តិនេះ ដើម្បីដោះស្រាយការលំបាក និងការខ្វះខាតរបស់អតីតយុទ្ធជនប្រភេទក្រ១ និងប្រភេទក្រ២ជាអាទិភាព។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានជំរុញឱ្យអាជ្ញាធរ មន្ទីរ អង្គភាពពាក់ព័ន្ធទាំងអស់ត្រូវពន្លឿនការកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ តបណ្ដាញទឹក និងអគ្គិសនីទៅលើតំបន់ដែលបានផ្តល់ដី និងផ្ទះរួចរាល់ឱ្យបានលឿនដើម្បីសម្រួលដល់ការរស់នៅរបស់គ្រួសារអតីតយុទ្ធជន៕ ដោយ ៖ ឧត្ដម








