
ប្រទេសជាច្រើនមានការព្រួយបារម្ភអំពីសុវត្ថិភាពរបស់បណ្ដាញសង្គម TikTok និងអំពីទំនាក់ទំនងរបស់វេទិកានេះជាមួយប្រទេសចិន។ ហើយសហរដ្ឋអាមេរិក គឺជាប្រទេសចុងក្រោយគេបំផុត ដែលជំរុញឲ្យមានការហាមឃាត់ ចំពោះការប្រើប្រាស់បណ្ដាញសង្គមដ៏ពេញនិយមមួយនេះ។
ចំណែកប្រទេសអូស្ត្រាលីក៏បានក្លាយជាប្រទេសថ្មីចុងក្រោយមួយទៀតដែលហាមប្រាម TikTok មិនឲ្យមាននៅក្នុងឧបករណ៍របស់រដ្ឋាភិបាលសហព័ន្ធ ដោយសារបារម្ភកាន់តែខ្លាំងឡើងៗ ជុំវិញឯកជនភាព និងសុវត្ថិភាពរបស់កម្មវិធីចែករំលែកវីដេអូដែលគ្រប់គ្រងដោយក្រុមហ៊ុនជនជាតិចិនមួយនេះ។ ជាមួយគ្នានេះ សហរដ្ឋអាមេរិក កាណាដា អង់គ្លេស និងនូវ៉ែលហ្សេឡង់ ដែលបានរួមបង្កើតគំនិតមួយជាមួយអូស្ត្រាលី ហៅថា ដៃគូចែករំលែកការស៊ើបការណ៍សម្ងាត់ «ភ្នែកប្រាំ» សុទ្ធតែបានចាត់វិធានការស្រដៀងគ្នាប្រឆាំងនឹង TikTok ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។
បណ្ដាអ្នកជំនាញ បង្ហាញក្ដីបារម្ភថា ព័ត៌មានរសើបអាចត្រូវបានលាតត្រដាង នៅពេលដែលកម្មវិធីត្រូវបានទាញយក ជាពិសេសនៅលើឧបករណ៍រដ្ឋាភិបាល។ TikTok ជំទាស់នឹងការចោទប្រកាន់ដែលថា ខ្លួនប្រមូលទិន្នន័យអ្នកប្រើប្រាស់ច្រើនជាងក្រុមហ៊ុនបណ្ដាញសង្គមផ្សេងទៀត ហើយបានហៅការហាមឃាត់នេះថា ជាការទទួលបាន «ព័ត៌មានមិនពិតជាមូលដ្ឋាន» ដោយនិយាយថា ទាំងនេះត្រូវបានសម្រេចដោយ «គ្មានការពិចារណា ឬភស្តុតាងជាក់លាក់»។ TikTok ត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនបច្ចេកវិទ្យាចិន Bytedance តែបណ្ដាញសង្គមនេះ ទទូចថា ខ្លួនត្រូវបានដំណើរការដោយឯករាជ្យ និងមិនចែករំលែកទិន្នន័យជាមួយរដ្ឋាភិបាលចិននោះទេ។
តែយ៉ាងណាក្ដី មានប្រទេស និងតំបន់មួយចំនួនដែលបានប្រកាស ឬបានអនុវត្តរួចហើយនូវការហាមឃាត់ផ្នែកខ្លះ ឬទាំងស្រុង ចំពោះការប្រើប្រាស់លើកម្មវិធីនេះ។ នេះគឺជាប្រទេស និងតំបន់ដែលបានអនុវត្តនូវវិធានការនេះ មានដូចជាអូស្ត្រាលី អេស្តូនី ចក្រភពអង់គ្លេស ស្ថាប័នសហភាពអឺរ៉ុប បារាំង ហូឡង់ ន័រវ៉ែស បែលហ្ស៊ិក ដាណឺម៉ាក សហរដ្ឋអាមេរិក កាណាដា នូវ៉ែលហ្សេឡង់ ឥណ្ឌា កោះតៃវ៉ាន់ ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន៕