
ចៅក្រមសហព័ន្ធ កាលពីថ្ងៃព្រហស្បតិ៍ (ទី១៤ ខែមីនា) បានបដិសេធសំណើរបស់អតីតប្រធានាធិបតីអាមេរិកលោក Donald Trump ដែលសុំឲ្យច្រានចោលសំណុំរឿងព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងការចោទប្រកាន់លើរូបលោកពីបទគ្រប់គ្រងឯកសារសម្ងាត់ដោយខុសច្បាប់ ក្រោយចាកចេញពីសេតវិមាន។
សេចក្តីសម្រេចរបស់ចៅក្រមសហព័ន្ធអាមេរិកប្រចាំរដ្ឋ Florida គឺលោកស្រី Aileen Cannon បានកើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីមាននូវសវនាការមួយ ដែលមេធាវីរបស់លោក Trump បានជំទាស់ថា ការចោទប្រកាន់សំខាន់បំផុតនៅក្នុងរឿងក្តីនេះ គឺមិនមានភាពច្បាស់លាស់យុត្តិធម៌នោះទេ។
លោកស្រី Cannon ដែលត្រូវបានតែងតាំងឲ្យកាន់តំណែងនេះដោយលោក Trump បានសម្រេចថា សំណើ «សមនឹងទទួលបានការពិចារណាយ៉ាងម៉ត់ចត់» តែមិនគួរត្រូវបានសម្រេចនៅពេលនេះនោះទេ។
លោក Trump ដែលជាគូប្រជែងពីគណបក្សសាធារណរដ្ឋ ទល់នឹងប្រធានាធិបតីលោក Joe Biden ក្នុងការបោះឆ្នោតខែវិច្ឆិកា បានផ្ដល់ចម្លើយពីភាពគ្មានទោសពៃរ៍ ចំពោះបទចោទចំនួន ៤០ករណី ដែលចោទប្រកាន់លោកថា បានយកឯកសាររសើបរបស់រដ្ឋាភិបាលដោយខុសច្បាប់ទៅជាមួយ នៅពេលដែលលោកចាកចេញពីសេតវិមាន ក្នុងឆ្នាំ២០២១។
នេះជាបទល្មើសព្រហ្មទណ្ឌមួយក្នុងចំណោមសំណុំរឿងព្រហ្មទណ្ឌចំនួន៤ ដែលលោកត្រូវប្រឈមជាមួយ ខណៈដែលលោកព្យាយាមដណ្ដើមកៅអីសេតវិមានមកវិញ៕