មីយ៉ាន់ម៉ា៖ ក្រុមប្រឆាំងយោធាប្រហែល ១០០នាក់នៅក្នុងសហភាពមីយ៉ាន់ម៉ាបានដើរដង្ហែក្បួន នៅកណ្ដាលទីក្រុងយ៉ាងហ្គោនដ៏ធំបំផុតរបស់ខ្លួនកាលពីថ្ងៃពុធ ខណៈដែលសហរដ្ឋអាមេរិកបានអំពាវនាវដល់ប្រជាជាតិអាស៊ីអាគ្នេយ៍ ចាត់វិធានការដើម្បីស្តារប្រជាធិបតេយ្យ និងបញ្ចប់អំពើហិង្សានៅក្នុងប្រទេសជិតខាងរបស់ពួកគេ។

មីយ៉ាន់ម៉ាបានធ្លាក់ចូលក្នុងភាពច្របូកច្របល់ ចាប់តាំងពីយោធាបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុងសាន ស៊ូជី កាលពីថ្ងៃទី១ ខែកុម្ភៈ ប៉ុន្តែការតវ៉ាតាមដងផ្លូវបានក្លាយជារឿងដ៏កម្រ បន្ទាប់ពីពួកគេត្រូវបានបង្ក្រាបដោយកងទ័ព ដោយការបាញ់សម្លាប់មនុស្សរាប់រយនាក់។ ដោយលើកម្រាមដៃ ៣ ជាកាយវិការនៃការប្រឆាំង ក្រុមអ្នកតវ៉ានៅទីក្រុងយ៉ាងហ្គោនបានស្រែកថា យើងមិនខ្លាចវីរុស COVID-19 ផង ហេតុអ្វីយើងត្រូវខ្លាចរបបយោធា? និងបដិវត្តត្រូវតែមាន។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Ned Price បាននិយាយថា ក្នុងអំឡុងពេលនៃការប្រជុំតាម Video ជាមួយសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក Antony Blinken បានជំរុញឱ្យសមាជិករបស់ខ្លួនចាត់វិធានការរួមគ្នាដើម្បីជួយបញ្ចប់អំពើហិង្សា ស្តារការផ្លាស់ប្តូរប្រជាធិបតេយ្យ និងដោះលែងអ្នកដែលត្រូវបានឃុំខ្លួនដោយអយុត្តិធម៌នៅក្នុងសហភាពមីយ៉ាន់ម៉ា៕
អត្ថបទ៖ សុខមាន