
មន្ត្រីចារកម្មជាន់ខ្ពស់អ៊ុយក្រែន កាលពីថ្ងៃព្រហស្បតិ៍ (ទី១៤ ខែមីនា) បាននិយាយថា ក្រុមប្រដាប់អាវុធដែលលោកបានពិពណ៌នាថា ជាជនជាតិរុស្ស៊ីប្រឆាំងនឹងវិមានក្រឹមឡាំង កំពុងលុកលុយចូលទៅក្នុងទឹកដីរុស្ស៊ី ហើយបានប្រែក្លាយតំបន់ព្រំដែនចំនួន២ ទៅជា «តំបន់ប្រយុទ្ធយ៉ាងសកម្ម» ។
តែអភិបាលតំបន់មួយ ក្នុងចំណោមតំបន់របស់រុស្ស៊ីដែលរងការវាយប្រហារនោះ បាននិយាយថា បន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់ភូមិនានានៅក្នុងតំបន់ កងទ័ពអរិភាពនោះ លែងមាននៅទីនោះទៀតហើយ។
ក្រុមចំនួន៣ ដែលមានមូលដ្ឋាននៅអ៊ុយក្រែន បានចេញសេចក្តីថ្លែងការណ៍ ដោយប្រាប់ឲ្យដឹងថា ពួកគេកំពុងបន្តប្រតិបត្តិការប្រដាប់អាវុធ នៅក្នុងតំបន់ Belgorod និង Kursk ហើយស្នើឲ្យអ្នកស្រុកជម្លៀសចេញពីតំបន់ទាំងនេះ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួនរបស់ពួកគេ។
លោក Andriy Yusov អ្នកនាំពាក្យរបស់នាយកដ្ឋានចារកម្ម GUR បានប្រាប់ទូរទស្សន៍ជាតិថា៖«តំបន់ Kursk និង Belgorod ឥឡូវនេះ គឺជាតំបន់ប្រយុទ្ធយ៉ាងសកម្ម។ នេះជាអ្វីដែលយើងត្រូវបញ្ជាក់។ ហើយដូចដែលបានបញ្ជាក់ដោយក្រុមស្ម័គ្រចិត្ត និងក្រុមឧទ្ទាម យើងកំពុងនិយាយអំពីពលរដ្ឋរុស្ស៊ីដែលមិនមានជម្រើសផ្សេងទៀត កំពុងការពារសិទ្ធិស៊ីវិលរបស់ពួកគេដោយអាវុធ ប្រឆាំងនឹងរបបលោក Vladimir Putin»។
តែនៅក្នុងគណនីមួយដែលបានបង្ហោះនៅលើកម្មវិធីផ្ញើសារ Telegram លោក Vyachslav Gladkov ដែលជាអភិបាលតំបន់ Belgorod របស់រុស្ស៊ី បាននិយាយថា មិនមានកងកម្លាំងអ៊ុយក្រែន នៅក្នុងតំបន់ណាមួយដែលរងការវាយប្រហារនោះទេ។
ចំណែកអភិបាលតំបន់ Kursk លោក Roman Starovoit បានផ្តល់ព័ត៌មានលម្អិតមួយចំនួន តែបានធ្វើការកត់សម្គាល់នៅលើ Telegram ថា៖ «ភេរវករអ៊ុយក្រែនមិនបានបញ្ឈប់ការប៉ុនប៉ងរបស់ពួកគេ ក្នុងការនាំពួកបំផ្លិចបំផ្លាញចូលក្នុងទឹកដីរបស់យើងនោះឡើយ»៕