
អាកាសធាតុអាក្រក់បង្កភាពវឹកវរនៅតាមរដ្ឋជាច្រើនរបស់សហរដ្ឋអាមេរិក ក្នុងនោះព្យុះកួចបានវាយប្រហារទីក្រុងតូចៗជាច្រើននៅក្នុងរដ្ឋ Indiana និងរដ្ឋជិតគ្នាកាលពីថ្ងៃព្រហស្បតិ៍ ។
ផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង រងការបំផ្លិចបំផ្លាញ ហើយប្រជាពលរដ្ឋត្រូវដោះស្រាយផលខូចខាតទ្រង់ទ្រាយធំលើផ្ទះ និងរថយន្តរបស់ពួកគេ ក៏ដូចជាដើមឈើបាក់ និងការផ្គត់ផ្គង់ចរន្តអគ្គិសនី ។
ប្រព័ន្ធព្យុះ បន្តកើតមានផុតរដ្ឋ Indiana ធ្វើឲ្យប៉ះពាល់ដល់រដ្ឋភាគខាងជើង Kentucky និងរដ្ឋភាគកណ្តាល Ohio ជាទីដែលមានការចេញប្រកាសអាសន្នពីព្យុះកួច ។
ព្យុះនេះដែរ គឺជាផ្នែកមួយនៃប្រព័ន្ធអាកាសធាតុអាក្រក់ដែលកើតមានចាប់ពីរដ្ឋភាគឦសាន Texas រហូតដល់រដ្ឋ Ohio ។
បណ្តាញផ្សព្វផ្សាយ NBCរបស់សហរដ្ឋអាមេរិក រាយការណ៍ថា មនុស្ស ៣នាក់ បានស្លាប់ នៅរដ្ឋ Indianaពេលព្យុះកួចបោកបក់ឆ្លងកាត់កាលពីថ្ងៃព្រហស្បតិ៍ ។
ព្យុះបង្កផលប៉ះពាល់ធ្ងន់ធ្ងរផងដែរនៅតំបន់ជ្រលងភ្នំ San Fernando ស្ថិតក្នុងរដ្ឋ California ដោយបានបំផ្លិចបំផ្លាញរថយន្ត និងបោកបក់រំលើងដើមឈើ ៕