អូឡាំពិក៖ ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ IOC លោក Thomas Bach បានជួបជាមួយលោក Yoshihide Suga នាយករដ្ឋមន្ត្រីជប៉ុននៅថ្ងៃពុធម្សិលមិញ ដើម្បីពិភាក្សាជុំវិញព្រឹត្តិការណ៍អូឡាំពិករដូវក្តៅដែលនឹងចាប់ផ្តើមនៅខែក្រោយនេះ។

លោក Suga និងលោក Thomas Bach នៅតែប្តេជ្ញាចិត្តក្នុងការធ្វើឱ្យអូឡាំពិកទីក្រុងតូក្យូ ជាព្រឹត្តិការណ៍ដែលមានសុវត្ថិភាព ទោះបីពិធីបើកជាផ្លូវការដែលនឹងធ្វើឡើងនៅទីក្រុងតូក្យូ រួមជាមួយតំបន់ផ្សេងទៀតកំពុងស្ថិតក្រោមការប្រកាសអាសន្នក៏ដោយ។ ជំនួបនេះធ្វើឡើងក្នុងថ្ងៃតែមួយដែលជប៉ុនរកឃើញករណីឆ្លង Covid-19 ច្រើនបំផុតមិនធ្លាប់មានក្នុងរយៈពេល ៦ខែចុងក្រោយចំនួន ១១៤៩ករណីថ្មី។
នេះជាករណីឆ្លងច្រើនបំផុតក្នុងរយៈពេល ៦ខែពោលគឺតាំងពីថ្ងៃទី២២ ខែមករាចុងក្រោយបំផុតដែលជប៉ុនរកឃើញអ្នកឆ្លងច្រើនបំផុត ១១៨៤ករណី និង ២៥ថ្ងៃជាប់គ្នាហើយដែលករណីឆ្លងរកឃើញច្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ សូមបញ្ជាក់ថា ព្រឹត្តិការណ៍អូឡាំពិករដូវក្តៅទីក្រុងតូក្យូនឹងចាប់ផ្តើមនៅថ្ងៃទី២៣ ខែកក្កដានេះហើយ៕
អត្ថបទ៖នាង សុភាវុធ