រដ្ឋមន្រ្តីក្រសួងការពារជាតិរុស្ស៊ី លោក Sergei Shoigu និងលោកអគ្គសេនាធិការកងទ័ព Valery Gerasimov បានបោះឆ្នោតជ្រើសរើសប្រធានាធិបតី ។ នេះបើយោងតាមការអះអាងរបស់ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងនៅថ្ងៃសុក្រនេះ ។
ក្រសួងការពារជាតិរុស្ស៊ី បានចេញរូបភាពវីដេអូឃ្លីប ឃើញឧត្តមសេនីយ៍ជាន់ខ្ពស់ទាំង ២រូប បោះឆ្នោតនៅមណ្ឌលបោះឆ្នោតស្ថិតក្នុងស្រុកយោធាភូមិភាគត្បូងរបស់រុស្ស៊ី ប៉ុន្តែពួកគេពុំបានបញ្ជាក់ពីទីកន្លែងដែលមេដឹកនាំយោធាទាំង ២រូប បានបោះឆ្នោតនោះទេ ។
សុក្រយោធាភូមិភាគត្រូវ មានតំបន់ជាច្រើន រួមទាំងតំបន់ចំនួន ៤ដែលរុស្ស៊ីប្រកាសដាក់បញ្ចូលជាឧបសម្ព័ន្ធរបស់ខ្លួនកាលពីឆ្នាំ ២០២២ គឺតំបន់ Donetsk, Luhansk, Kherson និងតំបន់ Zaporizhzhia ។
ទីស្នាក់ការកណ្តាលស្រុកមួយនេះ ស្ថិតនៅក្នុងទីក្រុង Rostov-on-Don និងជាមជ្ឈមណ្ឌលកងបញ្ជាការសម្រាប់ប្រតិបត្តិសឹកពិសេសរបស់រុស្ស៊ី ។
សូមបញ្ជាក់ថា មណ្ឌលបោះឆ្នោត បានបើកនៅទូទាំងប្រទេសរុស្ស៊ីនាថ្ងៃសុក្រនេះ ពេលដែលការបោះឆ្នោតចាប់ផ្តើមសម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ដែលរៀបចំឡើងរយៈពេល ៣ថ្ងៃ ។
ដោយឡែក ក្រសួងការបរទេសអ៊ុយក្រែន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការរៀបចំការបោះឆ្នោតរបស់រុស្ស៊ី នៅក្នុងទឹកដីដែលកាន់កាប់របស់អ៊ុយក្រែន គឺជារឿងខុសច្បាប់ និងត្រូវចាត់ទុកជាមោឃៈ ដោយជំរុញឲ្យដៃគូអន្តរជាតិមិនទទួលស្គាល់លទ្ធផល ៕