
រដ្ឋមន្ត្រីការពារជាតិអ៊ីតាលី បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសអ៊ីតាលី បានបន្តនាំចេញអាវុធទៅកាន់អ៊ីស្រាអែល ទោះបីជាមានការធានាកាលពីឆ្នាំមុនថា រដ្ឋាភិបាលកំពុងរារាំងការលក់បែបនេះ បន្ទាប់ពីការលុកលុយរបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សាស្ទ្រីបក៏ដោយ។
ទោះបីជាយ៉ាងណាក៏ដោយ លោក Guido Crosetto បានប្រាប់សភាថា មានតែការបញ្ជាទិញដែលបានចុះហត្ថលេខាពីមុនប៉ុណ្ណោះដែលត្រូវបានព្រមព្រៀង បន្ទាប់ពីការត្រួតពិនិត្យ ត្រូវបានធ្វើឡើង ដើម្បីធានាថាអាវុធទាំងនោះ នឹងមិនត្រូវបានប្រើប្រឆាំងនឹងជនស៊ីវិលនៅតំបន់ហ្កាហ្សាទេ។
នៅក្រោមច្បាប់របស់ប្រទេសអ៊ីតាលី ការនាំចេញអាវុធ ត្រូវបានហាមឃាត់ទៅកាន់ប្រទេសដែលកំពុងធ្វើសង្រ្គាម និងប្រទេសទាំងឡាយណា ត្រូវបានចាត់ទុកថា កំពុងបំពានសិទ្ធិមនុស្សអន្តរជាតិ។
លោក Crosetto បានប្រកាសកាលពីឆ្នាំមុន បន្ទាប់ពីការផ្ទុះនៃអំពើហិង្សានៅតំបន់ហ្កាហ្សាថា អាជ្ញាធរអ៊ីតាលីដែលត្រួតពិនិត្យការលក់ទំនិញយោធាដោយត្រូវបានគេស្គាល់ថា Uama បានរារាំងការអនុញ្ញាតឲ្យការបញ្ជូនអាវុធទៅឲ្យអ៊ីស្រាអែល។
ទោះបីជាយ៉ាងណាក៏ដោយ ក្រៅពីទិន្នន័យដាច់ដោយឡែកពីទីភ្នាក់ងារស្ថិតិISTAT ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ Altreconomia ក្នុងសប្តាហ៍នេះ បានរាយការណ៍ថា ប្រទេសអ៊ីតាលី បាននាំចេញអាវុធ និងគ្រាប់រំសេវ ក្នុងតម្លៃ ២,១លានអឺរ៉ូ ( ២,៣០ លានដុល្លារ) ទៅកាន់ប្រទេសអ៊ីស្រាអែលក្នុងរយៈពេលបីខែចុងក្រោយនៃឆ្នាំ២០២៣។