
ព្យុះរដូវរងា បង្កើតឲ្យកើតមានព្រិលយ៉ាងក្រាស់ និងបានកាត់ផ្តាច់ចរន្តអគ្គិសនី បិទផ្លូវ និងពន្យាពេល ឬលុបចោលជើងហោះហើរនៅរដ្ឋភាគខាងលិច Colorado របស់សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ ។
តំបន់ជាច្រើនដូចជាតំបន់ភ្នំ Aspen បានរាយការណ៍ព្រិលធ្លាក់កម្ពស់រហូតដល់ជិត ១ម៉ែត្រ ។
កាសែត Denver Post រាយការណ៍ថា ក្រុមហ៊ុនថាមពលក្នុងស្រុក បានរាយការណ៍ថា អតិថិជនជាង ៨២.០០០នាក់នៅទីក្រុង Denver គ្មានចរន្តអគ្គិសនីប្រើប្រាស់នោះទេ ។
ទីលានជិះស្គីជាច្រើនកន្លែង បានបិទ ដោយសារតែអាកាសធាតុអាក្រក់នេះ ហើយអាកាសយានដ្ឋានអន្តរជាតិក្រុង Denver បានលុបចោលជើងហោះហើរបស់ខ្លួនជាង ៨០០វ៉ុល និងបានពន្យាពេលជើងហោះហើរជាង ៣០០វ៉ុល ។
ទោះបីជាយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋជាច្រើន សប្បាយរីករាយចំពោះការធ្លាក់ព្រិលយ៉ាងក្រាស់បែបនេះ ។
អ្នកស្រី Melanie Brooks ដែលដឹកសុនខរបស់គាត់ដើរលេងកាលពីព្រឹកថ្ងៃព្រហស្បតិ៍នៅទីក្រុង Denver និយាយថា ខ្ញុំស្តាយណាស់ដែលពុំបានឡើងភ្នំនៅថ្ងៃនេះ ពីព្រោះថាវាពិបាកបើកបរ ហើយខ្ញុំខកខានថ្ងៃល្អខ្ញុំ ៕