
ដោយស្រង់សម្ដីពីមន្ត្រីសហភាពអឺរ៉ុប (EU) មួយចំនួន សារព័ត៌មាន Politico កាលពីថ្ងៃព្រហស្បតិ៍ (ទី១៤ ខែមីនា) បានរាយការណ៍ថា នៅឯកិច្ចប្រជុំ EU កាលពីថ្ងៃពុធ (ទី១៣ ខែមីនា) សំណើរបស់ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen ដើម្បីទិញសព្វាវុធ និងឧបករណ៍យោធាផ្សេងទៀត សម្រាប់អ៊ុយក្រែន ដោយប្រើប្រាស់ប្រាក់ចំណេញនៃទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលត្រូវបានបង្កកនោះ ត្រូវបានជំទាស់ដោយប្រទេសម៉ាល់តា ស្លូវ៉ាគី លុចសំបួ និងហុងគ្រី។
ចាប់តាំងពីមានការផ្ទុះឡើងនូវវិបត្តិអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២ បណ្តាប្រទេសលោកខាងលិចដែលភាគច្រើននៅ EU បានបង្កកទ្រព្យសម្បត្តិរុស្ស៊ីប្រហែល ៣០០ពាន់លានដុល្លារ ដោយអ្នកនយោបាយនៃប្រទេសទាំងនោះនិយាយថា វិធានការនេះមានគោលបំណងជួយគាំទ្រអ៊ុយក្រែន។
យ៉ាងណាក្ដី រុស្ស៊ីបានព្រមានម្តងហើយម្តងទៀតថា ការរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ី ដោយលោកខាងលិច ទោះក្នុងទម្រង់បែបណាក៏ដោយ គឺស្មើនឹងការលួច ហើយថា ខ្លួននឹងឆ្លើយតបឲ្យស្របទៅតាមនោះ៕