សៀមរាប ៖ ក្លឹបអ្នកកាសែតកម្ពុជាបន្តដឹកនាំក្រុមអ្នកសារព័ត៌មានចម្រុះស្ថាប័នចូលទស្សនកិច្ចនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតសៀមរាបអង្គរ នាថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២៤ ដែលមានក្រុមការងារនៃអាកាសយានដ្ឋានទទួលស្វាគមន៍យ៉ាងកក់ក្ដៅ ព្រមទាំងបានធ្វើបទបង្ហាញពីទីតាំងសំខាន់ៗជាច្រើននៅក្នុងអាកាសយានដ្ឋានថ្មីនេះ។
អាកាសយានដ្ឋានថ្មីនេះមានទីតាំងស្ថិតនៅភូមិក្រៀលពង ឃុំពពេល និងភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាសម្រេចដាក់ឈ្មោះជាផ្លូវការថា «អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (Siem Reap Angkor International Airport)» ដែលមានចម្ងាយពីប្រាសាទអង្គរវត្ត ៤០គីទ្បូម៉ែត្រនិង ៥១គីទ្បូម៉ែត្រពីក្រុងសៀមរាប។
សូមបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានចាប់ផ្តើមសាងសង់កាលពីខែមីនា ឆ្នាំ២០២០ ដោយក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co.,Ltd (AIAI) ក្រោមទុនវិនិយោគប្រមាណ១ ១០០ លានដុល្លារអាមេរិក ដែលជាការវិនិយោគ BOT (សាងសង់ ដំណើរការ និងផ្ទេរមកវិញ) ក្នុងរយៈពេល ៥៥ឆ្នាំ។ ព្រលានយន្តនេះ ត្រូវកសាងឲ្យទៅជាលំដាប់ថ្នាក់ 4E សម្រាប់ សម្រាប់យន្តហោះធំៗគ្រប់ប្រភេទ ដែលអាចហោះឡើង និងចុះចតបាន៕ ដោយ ៖ សុជាតា
















