ភ្នំពេញ ៖ អនុរដ្ឋមន្រ្តីការបរទេសជប៉ុន បានចុះទស្សនកិច្ចស្វែងយល់ពីវិស័យទឹកស្អាតនៅកម្ពុជា ដើម្បីឈានទៅផ្តល់ជំនួយសាងសង់ ពង្រីក សមត្ថភាពរោងចក្រភូមិព្រែកឱ្យដល់ ១៩៥ ពាន់ម៉ែត្រគីប ក្នុងមួយថ្ងៃ សម្រាប់ផ្គត់ទឹកស្អាតនៅរាជធានីភ្នំពេញបន្ថែម។
ឯកឧត្តម ឡុង ណារ៉ូ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុក ជាអគ្គនាយកនៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានថ្លែងថា ដំណើរទស្សនកិច្ចរបស់ ឯកឧត្តម កុម៉ារ៉ា ម៉ាសាហ៊ីរ៉ូ អនុរដ្ឋមន្រ្តីការបរទេសជប៉ុន នៅក្នុងដំណើរចុះទស្សនកិច្ចជាផ្លូវការ នៅរោងចក្រ ផលិតទឹកស្អាតភូមិព្រែក ដើម្បីស្វែងយល់ពីការផលិត និងផ្គត់ទឹកស្អាតនៅរាជធានីភ្នំពេញ នៅថ្ងៃទី ១៤ ខែ មីនា ឆ្នាំ ២០២៤ នេះថា ដំណើរទស្សនកិច្ចរបស់អនុរដ្ឋមន្រ្តីការបរទេសនាពេលនេះ ធ្វើឡើងស្របពេលដែលជប៉ុន គ្រោងផ្តល់ជំនួយសម្រាប់កែលម្អ និងសាង សង់ពង្រីកសមត្ថភាពផលិតទឹកស្អាត របស់រោងចក្រភូមិព្រែកបន្ថែម ចំនួន ៤៥ ពាន់ម៉ែត្រគីប ក្នុងមួយថ្ងៃ។
ឯកឧត្តម លើកឡើងឲ្យដឹងថា នៅថ្ងៃទី ១៩ ខាងមុខនេះ ឯកឧត្តមនឹងត្រូវទៅប្រទេសជប៉ុន ដើម្បីទៅបញ្ចប់នូវការដេញថ្លៃ នៅប្រទេសជប៉ុន និងរៀបចំនូវកិច្ចសន្យាដំណើរការសាងសង់រោងចក្រផលិតទឹកស្អាតភូមិព្រែកបន្ថែម ចំនួន ៤៥ ម៉ែត្រគីប ក្នុងមួយថ្ងៃ ដែលគម្រោងនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ គ្រោងនឹងចាប់ផ្តើមសាងសង់នៅក្នុងចុងឆ្នាំ ២០២៤ នេះ ក្នុងនោះតាមការសិក្សា គម្រោងពង្រីកសមត្ថភាពផលិតទឹកស្អាតបន្ថែម ៤៥ ម៉ែត្រគីប ក្នុងមួយថ្ងៃ នឹងត្រូវចំណាយថវិកាប្រមាណ ៣០ លានដុល្លារអាមេរិក។
សូមបញ្ជាក់ថា គិតមកដល់ពេលនេះ រោងចក្រភូមិព្រែក មានសមត្ថភាពផលិតទឹកស្អាត ១៥០ ពាន់ម៉ែត្រគីប ក្នុងមួយថ្ងៃ ក្នុងនោះ បន្ទាប់កែលម្អនិងសាងសង់នេះរួច រោងចក្រភូមិព្រែកនឹងមានសមត្ថភាចពផលិតទឹកស្អាត បានចំនួន ១៩៥ ពាន់ម៉ែត្រគីប ក្នុងមួយថ្ងៃ នៅឆ្នាំ ២០៣០ ខណៈបច្ចុប្បន្នរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានសមត្ថភាពផលិតទឹកស្អាតសរុបទាំងអស់ប្រមាណ ១ លានម៉ែត្រគីប ក្នុងមួយថ្ងៃ ដែលធ្វើឱ្យនៅក្នុងរដូវប្រាំងនេះ នៅរាជធានីភ្នំពេញមិនប្រឈមនឹងការខ្វះខាតទឹកប្រើប្រាស់ទៀតឡើយ៕
អត្ថបទ៖ សុន រ៉ាឌី






