
នាវាសណ្តោងសាឡង់ផ្ទុកស្បៀងអាហារ បានធ្វើដំណើរដល់តំបន់ឆ្នេរហ្កាហ្សាស្រ្ទីបនាថ្ងៃសុក្រនេះ ។ វាគឺជាការបើកបរធ្វើតេស្តសម្រាប់ផ្លូវជំនួយថ្មីតាមសមុទ្រចេញពីប្រទេសស៊ីប ចូលទៅកាន់ដែនដីបិទច្រកមួយនេះ ជាទីដែលគ្រោះទុរ្ភិក្សជិតកើតមាន ក្រោយយុទ្ធនាការសឹករយៈពេល ៥ខែរបស់អ៊ីស្រាអែល ។
នាវាដែលរៀបចំឡើងដោយក្រុមសប្បុរសធម៌ផ្ទះបាយកណ្តាលពិភពលោក(WCK) ដឹកជំនួយទម្ងន់ជិត ២០០តោនដែលនឹងចែកចាយតាមកំពង់ទឹករៀបចំនៅក្នុងតំបន់ហ្កាហ្សា ក្នុងនោះនាវាទី ២ ត្រូវបានគេរំពឹងថានឹងចេញដំណើរក្នុងពេលដ៏ខ្លីខាងមុខនេះ ។
មាននូវសេចក្តីលម្អិតតិចតួចប៉ុណ្ណោះពីវិធីចែកចាយជំនួយ ហើយការចែកចាយនឹងដំណើរនៅពេលដែលជំនួយដាក់ចុះពីលើនាវា ក្នុងនោះទីភ្នាក់ងារជួយសង្រ្គោះ UN រៀបរាប់ថា មាននូវឧបសគ្គធំៗជាច្រើន ក្នុងការចែកចាយជំនួយទៅដល់អ្នកដែលត្រូវការខ្លាំងបំផុត ។
បើសិនជាផ្លូវសមុទ្រថ្មីនេះ ជោគជ័យពិតមែន វាអាចជួយបញ្ឈប់វិបត្តិស្រេកឃ្លាននៅក្នុងតំបន់ហ្កាហ្សា ជាទីដែលពលរដ្ឋប្រឈមនឹងកង្វះខាតអាហារូបត្ថម្ភ ហើយមន្ទីរពេទ្យនៅតំបន់ភាគខាងជើងហ្កាហ្សា រាយការណ៍ថា កុមារបានស្លាប់ដោយសារតែភាពអត់ឃ្លាន ។
សូមបញ្ជាក់ថា អ៊ីស្រាអែល បាននិងកំពុងបើកការវាយលុកទ្រង់ទ្រាយធំប្រឆាំងនឹងក្រុមហាម៉ាស នៅតំបន់ហ្កាហ្សាស្ទ្រីប ដើម្បីសងសឹកប្រឆាំងនឹងការវាយលុករបស់ក្រុមហាម៉ាស ឆ្លងកាត់ព្រំដែនភាគខាងត្បូងអ៊ីស្រាអែល កាលពីថ្ងៃទី០៧ ខែតុលា ក្នុងអំឡុងពេលដែលមនុស្សប្រហែល ១.២០០ នាក់ត្រូវបានសម្លាប់ និងមនុស្សជាង ២០០ នាក់ផ្សេងទៀត ត្រូវបានចាប់ធ្វើជាចំណាប់ថ្នូរ ៕