
កងទ័ពអាកាសអាល្លឺម៉ង់ បន្តត្រៀមខ្លួនសម្រាប់បេសកកម្មជំនួយមនុស្សធម៌របស់ពួកគេដល់តំបន់ហ្កាហ្សាស្រ្ទីប ។
កងទ័ពអាកាសអាល្លឺម៉ង់និយាយនៅក្នុងសេចក្តីថ្លែងការណ៍បង្ហោះលើបណ្តាញព័ត៌មានសង្គម X អតីតបណ្តាញព័ត៌មានសង្គម Twitterថា យន្តហោះដឹកជញ្ជូន បានផ្ទុកជំនួយមានឆ័ត្រយោង និងសម្ភារៈផ្សេងទៀត នៅទីក្រុង Toulouse ប្រទេសបារាំង ។
លោក Boris Pistorius គឺជារដ្ឋមន្រ្តីការពារជាតិអាល្លឺម៉ង់ និយាយថា ការទម្លាក់ជំនួយតាមអាកាសលើកដំបូងដល់តំបន់ហ្កាហ្សាស្រ្ទីប អាចនឹងធ្វើឡើងនៅដំណាច់សប្តាហ៍នេះ ហើយយន្តហោះ ២គ្រឿង នឹងត្រូវបញ្ជូនឲ្យទម្លាក់ជំនួយពីលើអាកាសដល់តំបន់ហ្កាហ្សា ។
គួរឲ្យដឹងថា ការទម្លាក់គ្រឿងផ្គត់ផ្គង់ពីលើអាកាសដល់ពលរដ្ឋក្នុងដែនដីប៉ាឡេស្ទីនមួយនេះ ផ្តួចផ្តើមឡើងដោយប្រទេសហ្សកដានី ក្នុងនោះសហរដ្ឋអាមេរិក និងបារាំង បានចូលរួមផងដែរ ។
ខណៈពេលនោះដែរ រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Penny Wong បាននិយាយថា ប្រទេសអូស្ត្រាលី នឹងបន្តផ្តល់មូលនិធិដល់ទីភ្នាក់ងារសង្គ្រោះប៉ាឡេស្ទីនដ៏សំខាន់របស់អង្គការសហប្រជាជាតិ ពោលគឺជិតពីរខែបន្ទាប់ពីខ្លួនបានផ្អាក ជុំវិញការចោទប្រកាន់ថាបុគ្គលិកមួយចំនួនរបស់ទីភ្នាក់ងារនេះបានចូលរួមក្នុងការវាយប្រហាររបស់ពួកហាម៉ាស កាលពីថ្ងៃទី០៧ ខែតុលា ៕