
ទូរទស្សន៍ជាតិរបស់ប្រទេសសូម៉ាលី នៅថ្ងៃសុក្រ (ទី១៥ ខែមីនា) នេះ បានរាយការណ៍ថា កងកម្លាំងសន្តិសុខសូម៉ាលី បាន «បញ្ចប់សកម្មភាព» ទាំងអស់របស់អ្នកដែលវាយប្រហារសណ្ឋាគារដ៏ពេញនិយមមួយ នៅក្នុងរដ្ឋធានី Mogadishu។
នៅមុននេះ សេវាសន្តិសុខត្រូវបានគេឃើញឡោមព័ទ្ធនៅជុំវិញសណ្ឋាគារ Syl ដែលជាធម្មតាត្រូវបានចេញចូលញឹកញាប់ដោយមន្ត្រីរដ្ឋាភិបាល និងសមាជិកសភា បន្ទាប់ពីការវាយប្រហារដែលក្រុមសកម្មប្រយុទ្ធ al Shabaab អះអាងថា ជាស្នាដៃរបស់ខ្លួន។
រដ្ឋាភិបាលសូម៉ាលីនៅមិនទាន់ធ្វើអត្ថាធិប្បាយអ្វីនោះឡើយអំពីឧបទ្ទវហេតុនេះ បន្ទាប់ពីអ្នកវាយប្រហារបានសម្រុកចូលសណ្ឋាគារក្បែរការិយាល័យប្រធានាធិបតី កាលពីល្ងាចថ្ងៃព្រហស្បតិ៍ (ទី១៤ ខែមីនា)។
តាមរយៈការបង្ហោះរបស់ខ្លួននៅលើបណ្ដាញសង្គម X ទូរទស្សន៍ជាតិសូម៉ាលី (SNTV) បានឲ្យដឹងថា៖ «កងកម្លាំងសន្តិសុខបានបញ្ចប់សកម្មភាពរបស់ភេរវករទាំងអស់ដែលបានវាយប្រហារសណ្ឋាគារ Syl នៅទីក្រុង Mogadishu។ រដ្ឋាភិបាលសូម៉ាលីនឹងផ្ដល់ព័ត៌មានលម្អិតបន្ថែម ក្នុងពេលឆាប់ៗនេះ»។
អ្នកស្រុកបានប្រាប់សារព័ត៌មាន Reuters កាលពីថ្ងៃព្រហស្បតិ៍ថា ពួកគេបានឮការផ្ទុះមួយ អមដោយស្នូរកាំភ្លើង ខណៈដែលអ្នកវាយប្រហារចូលទៅក្នុងសណ្ឋាគារ។ ហើយសាក្សី និងអ្នកស្រុកម្នាក់ បាននិយាយថា ការបំផ្ទុះលើកទី២ ក៏បានបន្លឺឡើងនៅប៉ុន្មាននាទីក្រោយមក៕