
ក្រសួងការពារជាតិព័រទុយហ្គាល់បានប្រាប់ឲ្យដឹងថា ប្រទេសរបស់ខ្លួននឹងផ្តល់វិភាគទានចំនួន ១០០លានអឺរ៉ូ (១០៩លានដុល្លារ) ដល់គំនិតផ្តួចផ្តើមដឹកនាំដោយសាធារណរដ្ឋឆែក ដែលស្វែងរកការបញ្ជូនគ្រាប់រំសេវដល់ប្រទេសអ៊ុយក្រែនតាមរយៈប្រទេសទី៣។
ក្រសួងបានលើកឡើងថា គំនិតផ្តួចផ្តើមនេះ មានគោលបំណងបញ្ជូនគ្រាប់រំសេវ ក្នុងបរិមាណដែលអាចមានច្រើនបំផុតក្នុងទំហំផ្សេងៗ ជាពិសេសទំហំ ១៥៥មីលីម៉ែត្រ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃព្រហស្បតិ៍ (ទី១៤ ខែមីនា) ក្រសួងបានឲ្យដឹងថា៖ «ការប្រើប្រាស់គ្រាប់រំសេវទាំងនេះនៅសមរភូមិ បានឈានដល់កម្រិតខ្ពស់បំផុត ដែលវាមានសារៈសំខាន់ និងបន្ទាន់ណាស់ សម្រាប់អ៊ុយក្រែន ក្នុងការទទួលបានអាវុធបន្ថែម ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារជាបន្តបន្ទាប់ និងកាន់តែខ្លាំងឡើងៗពីរុស្ស៊ី»។
អគ្គលេខាធិការអង្គការណាតូ (NATO) លោក Jens Stoltenberg បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អ៊ុយក្រែនកំពុងអស់គ្រាប់រំសេវ នៅក្នុងសង្គ្រាមប្រឆាំងនឹងការលុកលុយរបស់រុស្ស៊ី ហើយថា សម្ព័ន្ធមិត្តមិនបានធ្វើការងារគ្រប់គ្រាន់ ដើម្បីជួយដល់ទីក្រុងគីវនោះទេ៕