អូឡាំពិក៖ ស្របពេលដែលជំងឺរាតត្បាតកូវីដ-១៩ ជាសកលនៅតែបន្ត ជប៉ុននឹងស្វាគមន៍អ្នកចូលរួមព្រឹត្តិការណ៍អូឡាំពិករដូវក្តៅដែលលើកពីឆ្នាំមុនមកដល់ឆ្នាំនេះ ហើយនឹងចាប់ផ្តើមពិធីបើកនៅថ្ងៃទី២៣ ខែកក្កដានេះហើយ។

អត្តពលិក គ្រូបង្វឹក ក្រុមគ្រូពេទ្យ ក្រុមការងារពាក់ព័ន្ធផ្សេងៗ ក៏ដូចជាអ្នកសារព័ត៌មានមកពីជុំវិញពិភពលោកដែលនឹងមកដល់ប្រទេសជប៉ុន គឺស្ថិតក្រោមការវិធានការសន្តិសុខ និងតាមដានសុខភាពតឹងរ៉ឹងបំផុតក្នុងរយៈពេលនៃដំណើរការប្រកួតនេះ។ បន្ទាប់ពីមកដល់អាកាសយានដ្ឋានអន្តរជាតិ Haneda អ្នកចូលរួមអូឡាំពិកទាំងអស់ត្រូវតម្រូវឱ្យតំឡើងកម្មវិធីទូរស័ព្ទ និងបើកដំណើរប្រព័ន្ធ GPS ដើម្បីតាមដានការធ្វើដំណើររបស់ពួកគេ អំឡុងពេលដំណើរការនៃព្រឹត្តិការណ៍។ រឿងដែលចាំបាច់មួយទៀតនោះគឺគ្រប់គ្នាត្រូវតែធ្វើតេស្ត និងបញ្ជាក់ថាគ្មានកូវីដ-១៩ មុននឹងឈានជើងចូលទីក្រុងតូក្យូបាន។ អ្នកចូលរួមកីឡាអូឡាំពិករួមទាំងអ្នកសារព័ត៌មាន តម្រូវឱ្យទាញយកកម្មវិធីត្រួតពិនិត្យតាមអ៊ិនធឺរណែត និងរបាយការណ៍សុខភាព (OCHA) ដាក់លើស្មាតហ្វូនរបស់ពួកគេដើម្បីបញ្ចូលស្ថានភាពសុខភាពប្រចាំថ្ងៃ។
ឧបករណ៍តេស្តរហ័សត្រូវបានផ្តល់ជូន ហើយអ្នកចូលរួមទាំងអស់ត្រូវធ្វើតេស្តរយៈពេល ៣ថ្ងៃដំបូង ហើយបន្ទាប់មកក្នុងរយៈពេល ៤ថ្ងៃម្តងរហូតដល់ចប់ការស្នាក់នៅ។ ការរឹតត្បិតនេះក៏រួមបញ្ចូលទាំងការហាមឃាត់ ការប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈទៅភោជនីយដ្ឋាន ឬកន្លែងទេសចរណ៍ ឬសូម្បីតែធ្វើដំណើរដោយថ្មើជើងក្នុងរយៈពេល ១៤ថ្ងៃដំបូងនៅក្នុងប្រទេស។ ចំណែកអត្តពលិកនឹងត្រូវបានធ្វើតេស្តជារៀងរាល់ថ្ងៃ ហើយពួកគេក៏នឹងត្រូវនៅក្នុងភូមិកីឡាតែមួយមុខគត់ បន្ទាប់ពីការហ្វឹកហាត់ក៏ដូចជាមុន និងក្រោយចូលរួមប្រកួត។ ប្រសិនបើនរណាម្នាក់ឆ្លង មន្ត្រីជំនាញនឹងប្រើប្រព័ន្ធ GPS ដើម្បីពិនិត្យមើលកំណត់ហេតុនៃការធ្វើដំណើរ។ IOC និងគណៈកម្មាធិការអូឡាំពិកជប៉ុន បានបោះពុម្ពផ្សាយសៀវភៅណែនាំ “Playbook” ដើម្បីដាក់ចេញច្បាប់នៃការចូលប្រទេសជប៉ុន សម្រាប់អត្តពលិកអូឡាំពិក និងប៉ារ៉ាឡាំពិក ដែលមានអត្តពលិកធ្វើដំណើរមកពី ២០៥ប្រទេស និងដែនដី៕
អត្ថបទ៖នាង សុភាវុធ