
ក្រុមហ៊ុន Nissan Motor និង Honda Motor នៅថ្ងៃសុក្រ (ទី១៥ ខែមីនា) នេះ បានឲ្យដឹងថា ក្រុមហ៊ុនទាំង២ កំពុងពិចារណាលើភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីសហការគ្នាផលិតសមាសធាតុសំខាន់ៗ សម្រាប់រថយន្តអគ្គិសនី (EV) និងបញ្ញាសិប្បនិម្មិត (AI) នៅក្នុងកម្មវិធីសូហ្វវែររបស់រថយន្តស្វ័យប្រវត្តិ។
ភាពជាដៃនាពេលខាងមុខ អាចជួយឲ្យគូប្រជែងទាំង២ អភិវឌ្ឍទំហំសេដ្ឋកិច្ចតាមរយៈការផលិតរថយន្ត EV ដែលមានសារៈសំខាន់សម្រាប់ក្រុមហ៊ុនផលិតរថយន្តជប៉ុនទាំង២ នេះ ខណៈដែលពួកគេប្រឈមជាមួយនឹងការប្រកួតប្រជែងយ៉ាងខ្លាំងក្លាពីក្រុមហ៊ុន BYD របស់ចិន ក្រុមហ៊ុន Tesla និងក្រុមហ៊ុនផលិតរថយន្តអគ្គិសនីផ្សេងទៀត។
នាយកប្រតិបត្តិក្រុមហ៊ុន Nissan លោក Makoto Uchida បាននិយាយថា ក្រុមហ៊ុន Nissan មានសម្ព័ន្ធភាពអាជីវកម្មដែលមានស្រាប់ជាមួយក្រុមហ៊ុន Renault និង Mitsubishi Motors ប៉ុន្តែទាំងនេះនឹងមិនត្រូវបានប៉ះពាល់ដោយសម្ព័ន្ធភាពនាពេលខាងមុខជាមួយក្រុមហ៊ុន Honda នោះទេ។
ចំណែកប្រធានក្រុមហ៊ុន Honda លោក Toshihiro Mibe បាននិយាយថា៖ «ការសម្រេចចិត្តដែលយើងធ្វើឥឡូវនេះ នឹងមានសារៈសំខាន់» ដោយលោកបន្ថែមថា ក្រុមហ៊ុនទាំង២ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាដែលមិនជាប់កាតព្វកិច្ច ដើម្បីពិនិត្យមើលផ្នែកនៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខ តែមិនទាន់កំណត់វិសាលភាពនៅឡើយទេ៕