បាល់ទាត់៖ ក្រុមបិសាចក្រហម Manchester United ត្រូវបានគេដឹងថាបានដាក់តំលៃ ៣០ លានផោនសំរាប់ West Ham ប្រសិនចង់បាន Jesse Lingard។ ខ្សែប្រយុទ្ធស្លាបរូបនេះមិនមានតំណែងច្បាស់លាស់ឡើយនៅ Manchester United ចាប់តាំងពីការមកដល់របស់ Bruno Fernandes ដែលធ្វើឱ្យរូបគេផ្លាស់ចេញមក West Ham ពេញមួយរដូវកាលមុនក្នុងលក្ខខណ្ឌខ្ចីជើង។

ជាមួយ West Ham កីឡាករវ័យ ២៨ឆ្នាំរូបនេះមានទំរង់លេងដ៏អស្ចារ្យមួយក្នុងអាជីពរបស់ខ្លួន។ ត្រឹមការបង្ហាញខ្លួន ១៦ប្រកួតរដូវកាលមុននៅ West Ham គេរកបាន ៩គ្រាប់ និងបញ្ជូន ៥ ឈ្នះពានជ័យលាភីកីឡាករឆ្នើមប្រចាំខែមេសាផងដែរ។ West Ham សង្ឃឹមថានឹងអាចចរចាជាមួយ Manchester United ជោគជ័យក្នុងការនាំយក Jesse Lingard ផ្តាច់មកកាន់ West Ham តែតំលៃ ៣០លានផោននេះ West Ham បានបដិសេធរួចហើយ។
បច្ចុប្បន្នវ័យ ២៨ឆ្នាំ Jesse Lingard នៅសល់កិច្ចសន្យាមួយឆ្នាំចុងក្រោយជាមួយ Manchester United តែក្លិបគ្រោងផ្តល់កិច្ចសន្យាថ្មី ប្រសើរជាងការចាកចេញដោយគ្មានតំលៃនៅដំណាច់រដូវកាលថ្មីខាងមុខ។ ពាក់ព័ន្ធនឹងរឿងផ្ទេរនេះដែរ Manchester United ទំនងជាចង់ដោះដូរថែមលុយជាមួយខ្សែបំរើការពារអង់គ្លេស Declan Rice៕
អត្ថបទ៖នាង សុភាវុធ