ក្រុមហ៊ុន TikTok បានបង្ហាញការជូនដំណឹងដល់អ្នកប្រើប្រាស់មួយចំនួននៅសហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ ដោយជំរុញឱ្យពួកគេអំពាវនាវដល់សមាជិកព្រឹទ្ធសភា ហើយស្នើសុំឱ្យបោះឆ្នោតថា ទេ ចំពោះសេចក្តីស្នើច្បាប់ ដែលនឹងហាមឃាត់កម្មវិធីវីដេអូខ្លីដ៏ពេញនិយម ប្រសិនបើវាមិនត្រូវបានដកហូតចេញពីក្រុមហ៊ុនបច្ចេកវិទ្យាចិន ByteDance ។
ការជូនដំណឹងបាននិយាយថា «ចូរប្រាប់សមាជិកព្រឹទ្ធសភារបស់អ្នកថា តើកម្មវិធី TikTok មានសារៈសំខាន់យ៉ាងណាសម្រាប់អ្នក។ សុំឱ្យសមាជិកព្រឹទ្ធសភាបោះឆ្នោតថា ទេ លើការហាមឃាត់កម្មវិធី TikTok។ នៅពេលនេះ ប្រសិនបើព្រឹទ្ធសភាបោះឆ្នោត អនាគតនៃភាពច្នៃប្រឌិត និងសហគមន៍ ដែលអ្នកស្រឡាញ់នៅលើ កម្មវិធី TikTok អាចត្រូវបានបិទ។ កាលពីថ្ងៃពុធ សភាសហរដ្ឋអាមេរិក បានបោះឆ្នោតយ៉ាងលើសលប់ដើម្បីអនុម័តសេចក្តីស្នើច្បាប់ ដែលផ្តល់ឱ្យ ក្រុមហ៊ុន ByteDance រយៈពេលប្រហែល៦ខែ ដើម្បីលក់កម្មវិធីនេះឲ្យសហរដ្ឋអាមេរិក បើមិនដូច្នេះត្រូវប្រឈមទៅនឹងការហាមឃាត់។ សេតវិមាន បាននិយាយថាព្រឹទ្ធសភាគួរតែចាត់វិធានការភ្លាមៗ ហើយប្រធានាធិបតី លោក Joe Biden បាននិយាយថា លោកនឹងចុះហត្ថលេខាលើសេចក្តីស្នើច្បាប់នេះ។ អ្នកនាំពាក្យ ក្រុមហ៊ុន TikTok បាននិយាយថា យើងនឹងបន្តជូនដំណឹងដល់សហគមន៍របស់យើង អំពីរបៀបដែលសេចក្តីស្នើច្បាប់ហាមឃាត់នឹងធ្វើឲ្យប៉ះពាល់ដល់ពួកគេ និងអ្វីដែលពួកគេអាចធ្វើបាន ដើម្បីធ្វើឱ្យសំឡេងរបស់ពួកគេបានស្តាប់ឮ។
ក្រុមហ៊ុន TikTok បានផ្ញើការជូនដំណឹងស្រដៀងគ្នានេះ ទៅកាន់អ្នកប្រើប្រាស់មុនការបោះឆ្នោតសភា ដោយព្រមានថា រដ្ឋាភិបាលនឹងដកហូតសហគមន៍ដែលអ្នកនិងប្រជាជនអាមេរិករាប់លាននាក់ផ្សេងទៀតស្រឡាញ់។ សមាជិកសភា បានត្អូញត្អែរថាការិយាល័យរបស់ពួកគេ បានទទួលការហៅទូរស័ព្ទច្រើនលើសលប់ពីអ្នកប្រើប្រាស់ កម្មវិធី TikTok ប្រឆាំងទៅនឹងច្បាប់នេះ។