ភ្នំពេញ ៖ សម្ដេចតេជោ បានថ្លែងសរសើរ ដល់បណ្តាក្រុមហ៊ុនវិស័យឯកជនទាំងអស់ ដែលមិនបិទក្រុមហ៊ុន រក្សាការងារជូនបុគ្គលិកកម្មករ ទោះបីស្ថិតក្នុងកាលៈទេសៈវិបត្តិកូវីដ-១៩ ក៏ដោយ ចំណែកទេសចរក្នុងស្រុក បានក្លាយជាចំណែកមួយសំខាន់ដែរក្នុងការជួយទ្រទ្រង់ សភាពការណ៍នេះ។
នៅក្នុងពិធីបើកសម្ពោធជាផ្លូវការមជ្ឈមណ្ឌលកម្សាន្តព្រីនស៍ម៉ាណ័រ ដែលមានទីតាំងនៅក្នុងស្រុក កៀនស្វាយ ខេត្តកណ្ដាល នៅព្រឹកថ្ងៃទី០៧ ខែតុលានេះ សម្ដេចតេជោ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងសរសើរវិស័យឯកជន ដែលបានរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការខិតខំរក្សាការងារ ជំរុញ ផលិតកម្មរបស់ខ្លួន ក្នុងការនាំចេញ ដែលជាការរួមចំណែកជាមួយរាជរដ្ឋាភិបាល ឱ្យមានដំណើរការជានិរន្តរភាព។
ពាក់ព័ន្ធនឹងវិស័យទេសចរណ៍ សម្ដេចតេជោ បានបង្ហាញនូវមោទនភាពជាខ្លាំងថា ទោះបីជាពិភព លោកជួបវិបត្តិកូវីដ១៩ ប៉ុន្តែកម្ពុជា បានបង្វែរទិសទេសចរណ៍ ពីការដែលប្រជាជន ធ្លាប់ចេញទៅទេសចរ នៅក្រៅប្រទេស មកទេសចរកម្សាន្តនៅក្នុងស្រុកវិញ។ ក្នុងកាលៈទេសៈ នៃកូវីដ១៩នេះ គឺមិនទាន់មាន ជើងហោះហើរនាំទេសចរពីខាងក្រៅមកនៅឡើយទេ ទោះបីជាបានអនុញ្ញាតឱ្យមានការហោះហើរចេញ ចូលខ្លះៗ សម្រាប់ធុរកិច្ច ដែលមានក្រុមហ៊ុននៅកម្ពុជាក៏ដោយ។
សម្ដេច បានបន្តបញ្ជាក់ថា ការចូលរួមចំណែកដ៏សំខាន់ នៃវិស័យទេសចរណ៍ក្នុងស្រុក និងឯកជន នេះ មិនបានទម្លាក់បន្ទុកឱ្យរាជរដ្ឋាភិបាលធ្វើការដោះស្រាយនោះទេ។ ទោះបីមានវិបត្តិកូវីដ–១៩ក៏ដោយ ក្រុមហ៊ុនសំណង់ធំៗ បាននឹងកំពុងបន្តដំណើរការរបស់ខ្លួន ដែលធ្វើឱ្យកម្មករមានការងារធ្វើ និងប្រាក់ចំណូល។ ទោះមានការបិទរោងចក្រខ្លះ ប៉ុន្តែរោងចក្រថ្មី ក៏បានបើកដែរ នេះជាឱកាសក្នុងការបង្កើតការងារ ថ្មី និងផលិតកម្មថ្មីផងដែរ ក្នុងនោះមានការរីកដុះដាលផ្នែកកម្មន្តសាល និងឧស្សាហកម្មធុនតូច និង មធ្យម៕
អត្ថបទ៖ មុត សុទ្ធ






