
ភ្នំពេញ៖ ឯកឧត្ដម នេត្រ ភក្រ្ដា រដ្ឋមន្រ្ដីក្រសួងព័ត៌មាន បានជំរុញអ្នកសារព័ត៌មានទាំងអស់ជួយផ្សព្វផ្សាយពីផលប្រយោជន៍ជាតិ ដើម្បីបន្ដដំណើរជាមួយគ្នាសម្រាប់ធ្វើឱ្យប្រទេសកម្ពុជាឱ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។
នាឱកាសអញ្ញើញចូលរួមក្នុងពិធីពិសាអាហារសាមគ្គីជាមួយអ្នកសារព័ត៌មាន ដែលរៀបចំឡើងដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤កន្លងទៅ ឯកឧត្ដម នេត្រ ភក្រ្ដា បានមានប្រសាសន៍ថា អ្នកសារព័ត៌មាន គឺជាកញ្ចក់ឆ្លុះបញ្ចាំងស្ថានភាពពិតក្នុងសង្គម ដើម្បីបង្ហាញជាសាធារណៈជនគ្រប់ស្រទាប់វណ្ណៈនៅព័ត៌មានគ្រប់ជ្រុងជ្រោយ។ ឯកឧត្ដម បានបន្តថា ការចូលរួមរបស់អ្នកសារព័ត៌មាននាពេលកន្លងមក គឺបានធ្វើឱ្យរូបភាពរបស់ប្រទេសកម្ពុជា និងសកម្មភាពទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាពិសេសសកម្មភាព និងជីវភាពរបស់ប្រជាពលរដ្ឋមានការផ្សព្វផ្សាយបានយ៉ាងទូលំទូលាយទាំងក្នុងប្រទេស និងក្រៅប្រទេស។
ឯកឧត្ដម បានលើកឡើងបន្តថា ការផ្សព្វផ្សាយរបស់អ្នកសារព័ត៌មានគ្រប់ប្រព័ន្ធផ្សព្វផ្សាយនេះ ដើម្បីជាមូលដ្ឋានគ្រឹះមួយជួយដល់រាជរដ្ឋាភិបាលសម្រាប់ដោះស្រាយបញ្ហាជូនពលរដ្ឋបានទាន់ពេលវេលា និងទទួលបានការគាំទ្រ និងមានសេចក្ដីទុកចិត្ដពីប្រជាពលរដ្ឋកាន់តែខ្លាំងក្លាបន្ថែមទៀត។ ឯកឧត្ដមបន្ថែមទៀតថា ប្រទេសមួយមានការអភិវឌ្ឍរីកចំរើន គឺត្រូវការប្រព័ន្ធផ្សព្វផ្សាយចូលរួមដំណើរជាមួយរាជរដ្ឋាភិបាលក្នុងការកសាងប្រទេសជាមួយគ្នា ដើម្បីចូលរួមថែរក្សាសុខសន្ដិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។
ជាមួយគ្នានេះ ឯកឧត្ដមរដ្ឋមន្រ្ដីក្រសួងព័ត៌មាន ក៏បានថ្លែងអរគុណចំពោះអ្នកសារព័ត៌មានទាំងអស់ ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ដ និងកម្លាំងប្រាជ្ញា ក្នុងការចូលរួមបម្រើប្រទេសកម្ពុជា ក្នុងតួរនាទីអ្នកសារព័ត៌មាន ដើម្បីជួយផ្សព្វផ្សាយក្នុងកិច្ចការការងាររបស់សង្គមគ្រប់រូបភាពនាពេលកន្លងមកគួរឱ្យកត់សម្គាល់ផងដែរ។
ទន្ទឹមនឹងនេះ ឯកឧត្ដម ហេង សួរ រដ្ឋមន្រ្ដីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវ បានគាំទ្រចំពោះភាពជោគជ័យរបស់រាជរដ្ឋាភិបាល ដែលទទួលបានការគាំទ្រពីប្រជាពលរដ្ឋជាង ៨០% នៅទូទាំងប្រទេស គឺមិនអាចបំភ្លេចគុណអ្នកសារព័ត៌មានវិជ្ជាជីវៈបាននោះទេ។ ឯកឧត្ដម បានបញ្ជាក់ថា ការនុវត្ដន៍គោលនយោបាយរបស់រាជរដ្ឋាភិបាល បើមិនមានការផ្សព្វផ្សាយឱ្យបានទូលំទូលាញទៅដេល់ប្រជាពលរដ្ឋ ក៏គ្មានការជោគជ័យនោះដែរ៕ អត្ថបទ៖ ឈិត បូរ៉ាវី


