
ប្រធានក្រុមឃ្លាំមើលការបោះឆ្នោតឯករាជ្យ ដែលរុស្ស៊ី បានដាក់ឈ្មោះឱ្យថាជា «ភ្នាក់ងារបរទេស» បាននិយាយថា ការបោះឆ្នោតប្រធានាធិបតីរបស់រុស្ស៊ី ដែលបានចាប់ផ្តើមកាលពីថ្ងៃសុក្រ (១៥ មីនា) ហើយត្រូវបានគេរំពឹងយ៉ាងទូលំទូលាយថាលោក វ្ល៉ាឌីមៀ ពូទីន នឹងត្រូវបានជ្រើសរើសម្ដងទៀត គឺជាការបោះឆ្នោតដែលមានតម្លាភាពតិចតួចបំផុត និងសម្ងាត់បំផុតមិនធ្លាប់មាន។
លោក ស្តានីស្លាវ អាន់ឌ្រីឈុក (Stanislav Andreichuk) សហប្រធាននៃចលនាការពារសិទ្ធអ្នកបោះឆ្នោត ហ្គូលូស (Golos) បាននិយាយថា ការប្រើប្រាស់ការបោះឆ្នោតអេឡិចត្រូនិកជាលើកដំបូងនៅក្នុងការបោះឆ្នោតប្រធានាធិបតី ហើយការពិតដែលថាការបោះឆ្នោតត្រូវបានធ្វឡើងក្នុងរយៈពេលបីថ្ងៃ គឺជាការរៀបចំឡើងដើម្បីធ្វើឱ្យដំណើរការបោះឆ្នោតកាន់តែមិនច្បាស់លាស់។
វិមានក្រឹមឡាំងនិយាយថា ការបោះឆ្នោតដែលបានចាប់ផ្តើមកាលពីថ្ងៃសុក្រនេះ គឺជាដំណើរការប្រជាធិបតេយ្យត្រឹមត្រូវ ហើយព្យាករណ៍ថាលោក ពូទីន នឹងឈ្នះដោយផ្អែកលើការគាំទ្រដ៏ច្រើនលើសលប់។
អាជ្ញាធររៀបចំការបោះឆ្នោតបាននិយាយថា ដំណើរការបោះឆ្នោតនឹងត្រូវបានត្រួតពិនិត្យដោយអ្នកសង្កេតការណ៍បរទេសចំនួន ៧០៦ នាក់ និងអ្នកសង្កេតការណ៍រុស្ស៊ី រហូតដល់មួយភាគបីនៃចំនួនមួយលាននាក់ដែលត្រូវបានតែងតាំងដោយបេក្ខជនបោះឆ្នោត គណបក្សនយោបាយ និងអង្គការសង្គម៕