
ក្រុមអ្នកស៊ើបអង្កេតរដ្ឋរុស្ស៊ី នៅទីក្រុងមូស្គូ បាននិយាយកាលពីថ្ងៃសុក្រ (១៥ មីនា) ថាពួកគេបានបើកសំណុំរឿងព្រហ្មទណ្ឌប្រឆាំងនឹងស្ត្រីម្នាក់ ដែលបានចាក់ថ្នាំពណ៌បៃតងចូលទៅក្នុងប្រអប់ឆ្នោតដើម្បីព្យាយាមរំខានដល់ការបោះឆ្នោតប្រធានាធិបតីរបស់ប្រទេស ដោយនោះជាទង្វើមួយដែលគេមើលឃើញថាជាការតវ៉ាប្រឆាំងលោក ពូទីន។
ខ្សែវីដេអូ CCTV នៃឧប្បត្តិហេតុពីសារព័ត៌មានរ៉យទ័រ បានបង្ហាញនារីវ័យក្មេងម្នាក់ដាក់សន្លឹកឆ្នោតរបស់ខ្លួនក្នុងប្រអប់នោះ បន្ទាប់មកចាក់សារធាតុរាវពណ៌បៃតងទៅក្នុងប្រអប់សន្លឹកឆ្នោតប្លាស្ទិកថ្លា ហើយនគរបាលម្នាក់ត្រូវបានគេឃើញចាប់ខ្លួននារីរូបនោះភ្លាមៗបន្ទាប់ពីហេតុការណ៍នោះ។
សេវាសារព័ត៌មានរបស់គណៈកម្មាធិការស៊ើបអង្កេតបាននិយាយថា ក្រោយមក ស្ត្រី ដែលមិនត្រូវបានបញ្ចេញឈ្មោះនោះ ត្រូវបានចោទប្រកាន់ពីបទ «រារាំងការអនុវត្តសិទ្ធិបោះឆ្នោត ឬការងាររបស់គណៈកម្មាធិការរៀបចំការបោះឆ្នោត»។ បទល្មើសបែបនេះអាចផ្ដន្ទាទោសដាក់ពន្ធនាគាររហូតដល់ ៥ ឆ្នាំ។
សារព័ត៌មាន RIA បានរាយការណ៍ថាមានឧប្បត្តិហេតុស្រដៀងគ្នាចំនួនពីរករណីបានកើតឡើងនៅការិយាល័យបោះឆ្នោតក្នុងតំបន់ វូរ៉ូណេស (Voronezh) ខណៈនារីម្នាក់ដុតស្តង់បោះឆ្នោត នៅស្ថានីយ៍បោះឆ្នោតក្រុងមូស្គូ ហើយនៅក្រុង សេន ភីតធើស៍ប៊ឺក (St. Petersburg) នារីម្នាក់បានគប់គ្រាប់បែកភ្លើងដាក់ស្ថានីយ៍បោះឆ្នោត៕