
លោក ម៉ៃ ផេន (Mike Pence) ដែលធ្លាប់បានបម្រើការជាអនុប្រធានាធិបតីរបស់លោក ដូណាល់ ត្រាំ (Donald Trump) អស់រយៈពេល ៤ ឆ្នាំ បាននិយាយកាលពីថ្ងៃសុក្រ (១៥ មីនា) ថា លោកនឹងមិនគាំទ្រអតីតចៅហ្វាយនាយរបស់ខ្លួននៅមុនការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅខែវិច្ឆិកា ខាងមុខនេះទេ។
លោក ផេន ដែលបានបញ្ចប់យុទ្ធនាការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៤ របស់ខ្លួនក្នុងពេលមានតួលេខគាំទ្រតិចតួចពីការស្ទង់មតិ បានប្រាប់ទូរទស្សន៍ ហ្វក ញ៉ូវស៍ (Fox News) ថា «នេះមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលទេដែលលោកមិនគាំទ្រ លោក ដូណាល់ ត្រាំ នៅឆ្នាំនេះ»។
លោក ត្រាំ នៅសប្តាហ៍នេះបានឈ្នះការគាំទ្រពីគណៈប្រតិភូគ្រប់គ្រាន់ ដើម្បីប្រជែងយកការតែងតាំងពីគណបក្សសាធារណរដ្ឋ ហើយនឹងត្រូវប្រឈមមុខនឹងការបោះឆ្នោតសកលឡើងវិញជាមួយប្រធានាធិបតីបក្សប្រជាធិបតេយ្យ ចូ បៃដិន (Joe Biden) នៅថ្ងៃទី០៥ ខែវិច្ឆិកា។
លោក ផេន បានបម្រើការងារជូនលោក ត្រាំ ដោយស្មោះត្រង់បំផុត ប៉ុន្តែបានរកាំរកូសជាសាធារណៈជាមួយអតីតប្រធានាធិបតីបក្សសាធារណរដ្ឋរូបនេះអំពីតួនាទីរបស់លោកនៅក្នុងកុប្បកម្មនៅឯវិមានកាពីតូល របស់សហរដ្ឋអាមេរិក ដោយអ្នកគាំទ្ររបស់ខ្លួនកាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១។
នៅថ្ងៃនោះ លោក ផេន ដែលជាអនុប្រធានាធិបតីកាន់តួនាទីជាប្រធានព្រឹទ្ធសភាអាមេរិក កំពុងមើលការខុសត្រូវលើការបញ្ជាក់ការឈ្នះឆ្នោតឆ្នាំ២០២០ របស់លោក បៃដិន ហើយលោកបានបដិសេធការណែនាំរបស់លោក ត្រាំ ក្នុងការពន្យារពេល ឬបញ្ឈប់ការបញ្ជាក់ ដោយនោះបានទាក់ទាញការស្តីបន្ទោសដ៏ខឹងសម្បារពីលោក ត្រាំ អំឡុងពេលកុបកម្ម។
លោក ផេន បាននិយាយក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោតប្រធានាធិបតីរបស់ខ្លួនថា ជីវិតរបស់លោកស្ថិតក្នុងគ្រោះថ្នាក់នៅថ្ងៃនោះ ហើយលោកបានជំរុញអ្នកបោះឆ្នោតបឋមរបស់គណបក្សសាធារណរដ្ឋកុំជ្រើសរើសលោក ត្រាំ ជាបេក្ខជនសេតវិមានរបស់ពួកគេនៅឆ្នាំនេះ៕