
អាជ្ញាធរកោះតៃវ៉ាន់ នៅព្រឹកថ្ងៃសៅរ៍ (១៦ មីនា) នេះ បានបណ្ដេញនាវាឆ្មាំល្បាតឆ្នេររបស់ប្រទេសចិន ដែលបានចូលដែនទឹករឹតបន្តឹងរបស់ខ្លួន នៅជិតប្រជុំកោះជួរមុខក្បែរប្រទេសចិន សម្រាប់ថ្ងៃទីពីរជាប់ៗគ្នា ខណៈដែលភាពតានតឹងបានផ្ទុះឡើងនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ដ៏រសើប។
ឆ្មាំល្បាតឆ្នេរតៃវ៉ាន់បាននិយាយថា កងនាវានៃនាវាឆ្មាំល្បាតឆ្នេរចិនចំនួន ៤ គ្រឿងបានចូលទៅក្នុងដែនទឹកដែលដាក់កំហិត នៃកោះ ឃីនមិន (Kinmen) គ្រប់គ្រងដោយតៃវ៉ាន់ ដែលនៅទល់មុខឆ្នេរសមុទ្រចិន។
អង្គភាពនេះបាននិយាយថា នាវារបស់ចិននោះបាននៅជាងមួយម៉ោង បន្ទាប់ពីអាជ្ញាធរតៃវ៉ាន់បានស្នើឱ្យពួកគេចាកចេញ ហើយក្រោយមកអាជ្ញាធរតៃវ៉ាន់បានបញ្ចេញវីដេអូនៃឧបទ្ទវហេតុនេះ។
កាលពីខែមុន ឆ្មាំល្បាតឆ្នេររបស់ប្រទេសចិន បានចាប់ផ្តើមល្បាតជាប្រចាំនៅជុំវិញកោះ ឃីនមិន បន្ទាប់ពីជនជាតិចិនពីរនាក់បានស្លាប់ ខណៈពេលដែលព្យាយាមរត់គេចពីឆ្មាំល្បាតឆ្នេររបស់តៃវ៉ាន់ បន្ទាប់ពីទូករបស់ពួកគេបានចូលទៅក្នុងដែនទឹកហាមឃាត់៕