
សៀមរាប៖ ពិធីបុណ្យទន្លេលើកទី៨ ក្រោមប្រធានបទ«ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ» បានប្រារព្ធពិធីបើកជាផ្លូវការ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នារសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤នេះ។
បុណ្យទន្លេលើកទី៨នេះ បានកំពុងនិងប្រព្រឹត្តទៅនៅខេត្តសៀមរាប ចាប់ពីថ្ងៃទី១៦-១៧ខែមីនា ឆ្នាំ២០២៤នេះ ខណៈព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ នឹងរួមចំណែកជំរុញកំណើនភ្ញៀវទេសចរ និងបង្កើនការ ផ្សព្វផ្សាយផងដែរនូវភាពសម្បូរបែបនៃអនុតំបន់មេគង្គ និងដើម្បីលើកតម្លៃនិងផ្សព្វផ្សាយសក្តានុពល ទេសចរណ៍នៅខេត្តសៀមរាបជាដើម។
ព្រឹត្តិការណ៍ដ៏មានសារសំខាន់នេះ មាននូវសកម្មភាព និងទស្សនីយភាពជាច្រើន ដូចជាការ សម្តែងសិល្បៈ ការប្រគុំតន្រ្តី ដោយមានការចូលរួមពីក្រុមសិល្បករ សិល្បការិនី តារាចំរៀងជាតិ និងអន្តរ ជាតិល្បីៗ រួមទាំងមានការអុចកាំជ្រួច យុទ្ធនាការឆ្នាំទស្សនាខេត្តសៀមរាប២០២៤ស្តង់តាំងពិព័រណ៌ផលិតផលទេសចរណ៍ និងផលិតផលទូទៅ មហោស្រពម្ហូបអាហារមេគង្គ ព្រមទាំងសកម្មភាពកំម្សាន្តនានានៅតាមបណ្តោយស្ទឹងសៀមរាប និងតំបន់ផាប់ស្ទ្រីតផងដែរ។
សូមបញ្ជាក់ថា កម្ពុជាបានប្រារព្ធបុណ្យទន្លេលើកទីមួយរបស់ខ្លួន កាលពីឆ្នាំ២០១៥កន្លងទៅនៅ ខេត្តក្រចេះ លើកទី២នៅខេត្តកំពង់ចាម លើកទី៣នៅខេត្តស្ទឹងត្រែង លើកទី៤ក្រុងតាខ្មៅខេត្តកណ្តាល លើកទី៥នៅខេត្តកំពង់ឆ្នាំង លើកទី៦នៅខេត្តបាត់ដំបង លើកទី៧នៅខេត្តកំពង់ធំ និងលើកទី៨នេះ គឺ នៅខេត្តសៀមរាបអង្គនេះតែម្តង។
ការដែលរាជរដ្ឋាភិបាលសម្រេចឲ្យមានពិធីបុណ្យទន្លេ គឺធ្វើឡើងក្នុងគោលបំណងបំផុសចលនាមហាជនឱ្យចូលរួមក្នុងការងារអភិរក្ស និងអភិវឌ្ឍន៍ធនធានទន្លេប្រកបដោយនិរន្តភាព និងចូលរួមសម្រេចយុទ្ធសាស្ត្រពិពិធកម្មទេសចរណ៍តាមរយៈការបង្កើតព្រឹត្តិការណ៍ទេសចរណ៍ថ្មីៗ សម្រាប់ខេត្តតាមដងទន្លេរបស់ប្រទេសកម្ពុជា។ ពិធីបុណ្យទន្លេលើកទី៨នេះ ក្រោមប្រធានបទ«ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ»នេះត្រូវបានគេរំពឹងថា នឹងមានភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់សែននាក់ចូលរួមកម្សាន្ត និង ទស្សនា ក្នុងរយៈពេលពីរថ្ងៃនេះ៕
អត្ថបទបាន ចក់






