អាមេរិក ៖ លោកវរសេនីយ៍ឯក Amadou Abdramane គឺជាអ្នកនាំពាក្យរបបសឹកនីហ៊្សេ និយាយកាលពីថ្ងៃសៅរ៍ថា ប្រទេសរបស់លោកបានលុបចោលកិច្ចព្រមព្រៀងការពារជាតិដែលអនុញ្ញាតឲ្យមន្រ្តីយោធា និងមន្រ្តីស៊ីវិលមកពីក្រសួងការពារជាតិសហរដ្ឋអាមេរិកឈរជើងនៅលើទឹកដីរបស់ពួកគេ ។
ការសម្រេចចិត្តបែបនេះ បានធ្វើឡើង បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ក្រុមមន្រ្តីសហរដ្ឋអាមេរិកក្នុងសប្តាហ៍នេះ ដែលដឹកនាំដោយឧបការីសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការអាហ្វ្រិកលោក Molly Phee និងលោកឧត្តមសេនីយ៍ Michael Langley គឺជាមេបញ្ជាការសហរដ្ឋអាមរិកប្រចាំការនៅអាហ្វ្រិក ។
គួរឲ្យដឹងថា មាននូវទាហានសហរដ្ឋអាមេរិកប្រហែល ១.១០០នាក់ ឈរជើងនៅក្នុងប្រទេសនីហ៊្សេ ជាទីដែលយោធាសហរដ្ឋអាមេរិកប្រតិបត្តិការនៅមូលដ្ឋានកងទ័ព ២កន្លែង រួមទាំងមូលដ្ឋានយានដ្រូន Air Base 201ដែលបានសាងសង់អស់ថវិកាជាង ១០០លានដុល្លារ នៅជិតទីក្រុង Agadez ស្ថិតនៅភាគកណ្តាលនីហ៊្សេ ។
ចាប់តាំងពីឆ្នាំ ២០១៨រហូតមក មូលដ្ឋានយោធាមួយនេះ ត្រូវបានប្រើប្រាស់ដើម្បីវាយប្រហារលើគោលដៅក្រុមជីវពលរដ្ឋអ៊ីស្លាម និងក្រុមជីវពល Jama'at Nusrat al-Islam wal Muslimeen ដែលជាខ្សែបណ្តាញរបស់ក្រុមអាល់កៃដា ស្ថិតនៅតំបន់ Sahel ៕

