អុីស្រាអែល ៖ ក្រុមបាតុករ បានប៉ះទង្គិចគ្នាជាមួយក្រុមនគរបាលអំឡុងការតវ៉ារបស់ពួកគេនៅទីក្រុងតែល អាវីវ ប្រទេសអ៊ីស្រាអែលកាលពីថ្ងៃសៅរ៍ម្សិលមិញ ស្របពេលដែលមនុស្សរាប់ម៉ឺននាក់ នាំគ្នាតវ៉ានឹងរបបរបស់លោកនាយករដ្ឋមន្រ្តី Benjamin Netanyahu ។
ក្រុមនគរបាល បានពន្លត់ភ្លើង ខណៈដែលក្រុមបាតុកស្រែកពាក្យស្លោកប្រឆាំងនឹងរដ្ឋាភិបាលអ៊ីស្រាអែល គ្រវីទង់ជាតិ និងលើបដា អំពាវនាវឲ្យមានការដោះលែងចំណាប់ថ្នូរ ដែលត្រូវបានចាប់យកទៅអំឡុងការវាយឆ្មក់កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ដោយក្រុមជីវពលហាម៉ាស់ ។
ក្រសួងសុខាភិបាលហ្កាហ្សា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ កងទ័ពអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ១៤៩ នាក់ និងមនុស្ស ៣០០ នាក់ទៀតបានរងរបួស ធ្វើឲ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ៣១.៥០០ នាក់ ដែលភាគច្រើនៃអ្នកស្លាប់គឺជាស្រ្តី និងកុមារ ហើយអ្នករងរបួសដល់ទៅជិត ៧៣.៥០០ នាក់ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ មក ។
ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាល ដែលគ្រប់គ្រងដោយក្រុមហាម៉ាស់ នៅតំបន់ហ្កាហ្សា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ជនជាតិប៉ាឡេស្ទីនជាង ៣៣ នាក់ត្រូវបានសម្លាប់ និងមនុស្ស ១៥០ នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល លើការប្រមូលផ្តុំជនជាតិប៉ាឡេស្ទីនដែលកំពុងរង់ចាំយកជំនួយនៅទីក្រុងហ្កាហ្សា កាលពីយប់ថ្ងៃព្រហស្បតិ៍កន្លងទៅ ៕

