អ៊ុយក្រែន ៖ មីស៊ីលរបស់អ៊ុយក្រែន បានវាយប្រហារទីក្រុងព្រំដែន Belgorod របស់រុស្ស៊ី កាលថ្ងៃសៅរ៍ម្សិលមិញ ដែលជាថ្ងៃទី ២នៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរុស្ស៊ី ។
រូបភាពវីដេអូឃ្លីបចេញដោយសារព័ត៌មានរដ្ឋរុស្ស៊ី Ostorozhno Novosti ឃើញផ្សែងខ្មៅយ៉ាងក្រាស់ផុសពីលើអគារផ្ទះល្វែង ។
ការវាយប្រហារដោយយានដ្រូនដាច់ដោយឡែកមួយទៀត បណ្តាលឲ្យរោងចក្រចម្រាញ់ប្រេងកាតរុស្ស៊ី ឆាបឆេះជាអគ្គិភ័យនៅតំបន់ Samara ។
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានចោទប្រកាន់ទីក្រុងគីវថា កំពុងព្យាយាមបង្អាក់ការបោះឆ្នោត ។
ក្រសួងការពារជាតិរុស្ស៊ី និយាយថា ពួកគេបានរុញច្រានការព្យាយាមមកដល់របស់កងកម្លាំងអ៊ុយក្រេន ឆ្លងកាត់ព្រំដែនចូលក្នុងតំបន់ Belgorod ជាកន្លែងដែលការវាយប្រហាររបស់អ៊ុយក្រែន បានក្លាយជារឿងធម្មតាទៅហើយ ។
អភិបាលតំបន់ Belgorod និយាយថា សាលារៀន និងផ្សារទំនើប នឹងត្រូវបិទទ្វារ ក្នុងបុព្វហេតុសុវត្ថិភាព ។
ស្របពេលនោះដែរ ក្រុមមន្ត្រីក្នុងតំបន់ Sumy បាននិយាយថា អាជ្ញាធរអ៊ុយក្រែន បានចាប់ផ្តើមការជម្លៀសសហគមន៍ជាច្រើនក្នុងតំបន់មួយនេះ ស្ថិតនៅភាគខាងជើងអ៊ុយក្រែនជិតព្រំដែនរុស្ស៊ី បន្ទាប់ពីការបាញ់ផ្លោងយ៉ាងខ្លាំងក្លារបស់កងកម្លាំងក្រុងម៉ូស្គូ ។
រដ្ឋបាលយោធាតំបន់ Sumy បានបង្ហោះនៅលើកម្មវិធីផ្ញើសារ Telegramដោយនិយាយថា អ្នកស្រុកជាង ១៨០ នាក់នៃតំបន់សហគមន៍ Velikopysarska) ជាប់ព្រំដែនរុស្ស៊ី ត្រូវបានជម្លៀសចេញក្នុងរយៈពេល ៣ថ្ងៃកន្លងមកនេះ ៕

