អ៊ុយក្រែន ៖ ក្រុមមន្រ្តីអ៊ុយក្រែន និយាយថា ការវាយប្រហារដោយមីស៊ីលបាលីស្ទិករុស្ស៊ីលើតំបន់រស់នៅអ្នកស្រុក ស្ថិតនៅទីក្រុងកំពង់ផែសមុទ្រខ្មៅ Odesa បានសម្លាប់មនុស្សយ៉ាងហោច ២១នាក់ និងមនុស្សជាង ៧០នាក់ផ្សេងទៀត រងរបួស ដែលការវាយប្រហារស្លាប់មនុស្សច្រើនបំផុតរបស់ទីក្រុងម៉ូស្គូ ក្នុងរយៈពេលជាច្រើនសប្តាហ៍កន្លងមកនេះ ។
អភិបាលក្នុងតំបន់លោក Oleh Kiper និយាយប្រាប់ទូរទស្សន៍ជាតិអ៊ុយក្រែនថា មីស៊ីល Iskander-M ចំនួន ២គ្រាប់ បានបាញ់ចេញពីឧបទ្វីបគ្រីមៀកាន់កាប់ដោយរុស្ស៊ី បណ្តាលឲ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងបណ្តាញផ្គត់ផ្គង់ឧស្ម័ន និងចរន្តអគ្គិសនី នៅទីក្រុងភាគខាងត្បូងអ៊ុយក្រែនមួយនេះ ។
លោក Kiper បន្តថា គ្រូពេទ្យបឋមម្នាក់ និងអ្នកជួយសង្រ្គោះម្នាក់ ត្រូវបានសម្លាប់ដោយសារមីស៊ីលទី ២ បន្ទាប់ពីពួកគេប្រញាប់ប្រញាល់ទៅកាន់កន្លែងកើតហេតុ ដើម្បីព្យាបាលអ្នករងរបួស អំឡុងការវាយប្រហារលើកដំបូង ។ មនុស្ស ១០នាក់ បានរងរបួសធ្ងន់ ។ ចំណែកឯក្រុមអ្នកស្រុក បានរួសរាន់ទៅបរិច្ចាគឈាម ដោយពួកគេតម្រង់ជួរនៅមុខមណ្ឌលសុខភាព ហើយថ្ងៃកាន់ទុក្ខ ត្រូវបានប្រកាសធ្វើឡើងនៅថ្ងៃសៅរ៍ ។
កងបញ្ជាការយោធាភូមិភាគត្បូង និយាយថា អគារកម្សាន្តកម្ពស់ ៣ជាន់ បានរងការបំផ្លិចបំផ្លាញក្នុងការវាយប្រហារនេះ ក៏ដូចជាផ្ទះប្រជាពលរដ្ឋ ១០ខ្នង ។
សូមបញ្ជាក់ថា ទីក្រុង Odesa ដែលស្ថិតនៅក្នុងចំណោមទីក្រុងកំពង់ផែធំបំផុតរបស់អ៊ុយក្រែន បានក្លាយជាគោលដៅវាយប្រហាររបស់រុស្ស៊ីជាយូរមកហើយ ជាពិសេសក្រោយទីក្រុងម៉ូស្គូ ដកខ្លួនចេញពីកិច្ចព្រមព្រៀងរៀបចំឡើងដោយអង្គការសហប្រជាជាតិ ដើម្បីអនុញ្ញាតឲ្យមានផ្លូវសុវត្ថិភាពសម្រាប់ការដឹកជញ្ជូនគ្រាប់ធុញ្ញជាតិអ៊ុយក្រែន កាត់តាមសមុទ្រខ្មៅ ៕
