បង់ក្លាដែស ៖ កងទ័ពជើងទឹកឥណ្ឌា បានសង្រ្គោះនាវាពាណិជ្ជកម្មបង់ក្លាដែស នៅជិតតំបន់ឆ្នេរប្រទេសសូម៉ាលី ពីក្រុមចោរសមុទ្រប្រដាប់អាវុធ ។ នេះបើយោងតាមការអះអាងឲ្យដឹងនៅថ្ងៃនេះពីអ្នកនាំពាក្យរបស់ពួកគេនៅលើបណ្តាញព័ត៌មានសង្គម Xអតីតបណ្តាញព័ត៌មានសង្គម Twitter ។
នាវាដោតទង់ជាតិបង់ក្លាដែស បានធ្វើដំណើរតាមផ្លូវចេញពីប្រទេសម៉ូសំប៊ិក ទៅកាន់អារ៉ាប់រួម ពេលដែលក្រុមចោរសមុទ្រសូម៉ាលី ព្យាយាមប្លន់ពួកគេ ។
អ្នកនាំពាក្យបន្តទៀតថា កងទ័ពជើងទឹកឥណ្ឌា បានបញ្ជូននាវាចម្បាំង Mission Deployed និងនាវាល្បាតសមុទ្ររយៈចម្ងាយឆ្ងាយ LRMP ក្រោយទទួលបានព័ត៌មានពីការវាយប្រហាររបស់ក្រុមចោរសមុទ្រលើនាវាកាលពីថ្ងៃព្រហស្បតិ៍ ។
កងទ័ពជើងទឹកឥណ្ឌា បានស្កាត់នាវា និងធានាសុខមាលភាពដល់ចំណាប់ខ្មាំងទាំងអស់ ស្របពេលដែលពួកគេឃ្លាំមើលយ៉ាងដិតដល់ រហូតដល់នាវាបើកចូលដែនសមុទ្រសូម៉ាលី ។
សូមបញ្ជាក់ថា បេសកកម្មជួយសង្រ្គោះ បានធ្វើឡើង ស្របពេលកើតមានឡើងវិញករណីចោរសមុទ្រសូម៉ាលីនៅក្នុងមហាសមុទ្រឥណ្ឌា ចាប់តាំងពីខែមុនមក បន្ទាប់ពីស្ងប់ស្ងាត់ការវាយប្រហាររបស់ក្រុមចោរសមុទ្រសូម៉ាលីអស់រយៈពេលជាច្រើនឆ្នាំមកហើយ ៕
