អាល្លឺម៉ង់ ៖ អធិការបតីអាល្លឺម៉ង់ លោកអូឡាហ្វ សូល (Olaf Scholz) គ្រោងនឹងជួបនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) នៅទីក្រុងតែលអាវីវ ( Tel Aviv) នៅថ្ងៃអាទិត្យនេះ ក្នុងដំណើរទស្សនកិច្ចលើកទី២របស់លោកទៅកាន់ប្រទេសអ៊ីស្រាអែល ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមហ្កាហ្សា រយពេលជាង៥ខែហើយនោះ។
ការផ្តោតសំខាន់ ត្រូវបានគេរំពឹងថា ជាការត្រៀមលក្ខណៈរបស់អ៊ីស្រាអែលសម្រាប់ការវាយលុកថ្មើរជើង នៅទីក្រុងរ៉ាហ្វា (Rafah) នៅភាគខាងត្បូងនៃហ្កាហ្សាស្រ្ទីប ដែលលោកសូល គ្រោងនឹងចេញការព្រមានជាបន្ទាន់មួយថា អធិការបតីអាល្លឺម៉ង់រូបនេះ កំពុងអំពាវនាវឲ្យមានបទឈប់បាញ់មួយ ដើម្បីអនុញ្ញាតឲ្យមានការដោះលែងចំណាប់ថ្នូរ និងជំនួយមនុស្សធម៌បន្ថែមទៀតសម្រាប់ប្រជាជនដែលរងទុក្ខវេទនា នៅក្នុងទឹកដីប៉ាឡេស្ទីន។
សង្រ្គាមនៅតំបន់ហ្កាហ្សា ត្រូវបានបង្កឡើងនៅថ្ងៃទី៧ ខែតុលាដោយការវាយប្រហារភេរវកម្មលើអ៊ីស្រា អែលដោយចលនាហាម៉ាសអ៊ីស្លាមប៉ាឡេស្ទីន។
ទោះបីជាប្រទេសអាល្លឺម៉ង់គាំទ្រប្រតិបត្តិការយោធាអ៊ីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាសជាគោលការណ៍ក៏ដោយ ខ្លួនបានរិះគន់ការធ្វើសង្រ្គាមដែលបានបណ្តាលឲ្យជនស៊ីវិលរាប់ពាន់នាក់ស្លាប់រួចទៅហើយ។ លោកសូល បាននិយាយមុនពេលលោកចេញដំណើរកាលពីថ្ងៃសៅរ៍ថា បទឈប់បាញ់ដែលអាចកើតឡើង «សម្រាប់ពេលអនាគតនោះ» គឺចាំបាច់ណាស់។
កាលពីល្ងាចថ្ងៃសៅរ៍ លោកសូល ត្រូវបានគេរំពឹងថា នឹងមកដល់ទីក្រុង Aqaba នៃប្រទេសហ្ស៊កដានី នៅលើសមុទ្រក្រហម ជាកន្លែងដែលលោកគ្រោងនឹងជួបព្រះមហាក្សត្រហ្សកដានីអាប់ឌុលឡា ( Abdulla) នៅថ្ងៃអាទិត្យនេះ។

